បណ្តាញសង្គម

វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាកពិន័យចរា​ចរណ៍

រាជធានីភ្នំពេញ ៖ នគរបាលចរាចរណ៍ប្រចាំការនៅគោលដៅ ស្ដុបអតីតស្ពានដែកចម្ការដូង បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ បន្ទាប់ពីជនជាតិស្បែកខ្មៅរូបនេះ យកក្រដាសប្រាក់ចដុល្លារក្លែងក្លាយមកបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនគេបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ១០ និង៤០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

នគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនគឺជនជាតិនីហ្សេរីយ៉ារូបនេះ បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ ២BC-៩១២៥ ធ្វើដំណើរតាមផ្លូវលេខ៣៧១ ។ លុះមកដល់ចំណុចស្តុបអតីតស្ពានដែក ភ្លើងស្តុបបានលោតពណ៌ក្រហម ប៉ុន្តែជននេះមិន បានឈប់ទេគឺបានបើកបំពានភ្លើងស្តុប បត់ឡើងទៅផ្លូវលេខ២១៧(ផ្លូវចំការដូង) ហើយកម្លាំងនគរបាលចរាចរណ៍ក៏ចាប់ផាកពិន័យ ។

នៅពេលបង់ថ្លៃផាកពិន័យ បុរសស្បែកខ្មៅរូបនេះបានប្រគល់ក្រដាសប្រាក់១០០ដុល្លារ ប៉ុន្តែដោយសារសមត្ថកិច្ចគ្មានលុយរាយអាប់ ក៏យកទៅដូរនៅកន្លែងដូរលុយចំនួន២ តែអ្នកដូរលុយបានបដិសេធលុយនោះ ដោយនិយាយថា ជាលុយក្លែងក្លាយ ។ ពេលនោះ សមត្ថកិច្ចបានប្រគល់លុយនេះទៅឲ្យជនជាតិនីហ្សេរីយ៉ានោះវិញ ស្រាប់តែរូបគេទាញយកមកហែកចោលនៅមុខមន្ត្រីនគរបាលដោយមិនចង់បង់ថ្លៃផាកពិន័យ ។ ដោយសារបែបនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនប្រគល់មកឲ្យនគរបាលខណ្ឌដង្កោ ដើម្បីសួរនាំតែម្ដង ។

នគរបាលខណ្ឌដង្កោ បញ្ជាក់ថា ជុំវិញករណីនេះ កម្លាំងជំនាញបានឃុំខ្លួនជននេះជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់លុយក្លែងក្លាយ ។

ប៉ុន្តែក្រោយពីមន្ត្រីជំនាញបានពិនិត្យរួចហើយនិយាយថា ក្រដាសប្រាក់នេះមិនមែនក្លែងក្លាយទេ តែជាទូទៅសម្រាប់ក្រដាសប្រាក់១០០ដុល្លារ គឺគេរក្សាស្ថានភាពឲ្យល្អតាមតែអាចធ្វើបាន ព្រោះគេមិនទទួលយកក្រដាសប្រាក់ដែលរហែក ឬសរសេរនៅលើក្រដាសប្រាក់នោះទេ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា បុរសស្បែកខ្មៅនេះឈ្មោះ អុី រូហ្គោអុិនវ៉ាន នីណាយ៉ា អាយុ៥៤ឆ្នាំ ស្នាក់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជននេះត្រូវបានឃាត់ខ្លួនពីបទមានលាក់កញ្ឆាមួយថង់តូច និងមានសារធាតុញៀនក្នុងខ្លួនផងដែរ ។តាមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានី ជននេះត្រូវបានកសាងសំណុំរឿងទៅតាមនីតិវិធី ៕

ដកស្រង់ពិ៖កោះសន្តិភាព