បណ្តាញសង្គម

សោក​ស្តាយណាស់ បំផ្លាញផ្ទះ​បុរាណ​ខ្មែរ​​​៤ខ្នង​ខ្ទេច​គ្មាន​សល់​​

រាជធានីភ្នំពេញ ៖ ផ្ទះសាងសង់បែបបុរាណធ្វើពីឈើលើថ្មក្រោមចំនួន៤ខ្នង សង្ស័យឆ្លង ចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះចេញជាផ្កាភ្លើងឆេះខ្ទេចគ្មានសល់ ខណៈដែលរថយន្តពន្លត់អគ្គិភ័យប្រឹងជួយដែរ តែជួយមិនទាន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី១០ វិច្ឆិកា នេះ នៅចំណុចផ្ទះលេខ ២៧ និងផ្ទះលេខ ២៥ ផ្លូវ៤៣០ កែងផ្លូវ៤៩២ ក្រុម១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះមានផ្ទះលេខ២៧ មានចំនួន៣គ្រួសារ ម្ចាស់ផ្ទះទី១-ឈ្មោះ នួន ផល្លី ភេទប្រុស អាយុ៥៨ឆ្នាំ មុខនៅផ្ទះ មានសមាជិក២នាក់។ ម្ចាស់ផ្ទះទី២-ឈ្មោះ សំ ម៉ាក់ផុល ភេទស្រី អាយុ៧០ឆ្នាំ មានសមាជិក១២នាក់ ម្ចាស់ផ្ទះទី៣ ឈ្មោះ អ៊ី ទិត្យ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរគ្រូបង្រៀនចូលនិវត្តន៍ ។ ដោយឡែកផ្ទះលេខ២៥ ម្ចាស់ផ្ទះឈ្មោះ ខិក ហេង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរលក់ដូរ មានសមាជិក១២នាក់ ។ ផ្ទះទាំង៤ខ្នងជាប្រភេទសំណង់ ថ្មក្រោមឈើលើ (ទំហំ7,8ម៉ែត្រ × 12ម៉ែត្រ) ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គឺពួកគាត់បានឮសំឡេងផ្ទុះចេញពីផ្ទះមួយដែលនៅជាប់និងផ្លូវ៤៣០កែង៤៩២ ខណៈដែលម្ចាស់ផ្ទះមិននៅចាក់សោទុកចោល ស្រាប់តែអណ្ដាតភ្លើងកាន់តែឆេះសន្ធោសន្ធៅឡើងៗលាយឡំ ជាមួយនិងសំឡេងផ្ទុះហ្គាស ធ្វើអោយ ភ្លើងកាន់តែឆេះខ្លាំងឡើងនិង ធ្វើឲ្យពួកគាត់អ្នកជិតខាង រួមទាំងម្ចាស់ផ្ទះដែរនៅជាប់គ្នា ជាបន្តបន្ទាប់សរុប ចំនួន៤ខ្នង ត្រូវបានអណ្តាតភ្លើង លេបត្របាក់ ដោយមិនបានយកអ្វី ដែលជាទ្រព្យសម្បត្តិ ចេញមកទាន់នោះទេ បានត្រឹមតែស្រែកអោយគេជួយតែប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីភ្លើងឆេះកាន់តែខ្លាំងឡើងៗ ទើបឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបោះដៃតាមវិទ្យុទាក់ទង ហៅរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ពន្លត់ តែពេលរថយន្តពន្លត់អគ្គីភ័យបានមកដល់ គឺភ្លើងកាន់តែឆេះលេបផ្ទះសម្បែងរួមទាំង ទ្រព្យសម្បត្តិស្ទើរតែទាំងស្រុងទៅហើយ ។

រថយន្តពន្លត់អគ្គិភ័យដែលបានចូលរួមពន្លត់រួមមានរថយន្តការិ.អគ្គីភ័យ ចំនួន១៨គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១០គ្រឿង រថយន្តជំនួយអន្តរាគមន៍បាញ់ពន្លត់មាន រថយន្តអគ្គីភ័យក្រសួងមហាផ្ទៃចំនួន០២គ្រឿង រថយន្តអគ្គីភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០២គ្រឿង រថយន្តអគ្គីភ័យក្រុមហ៊ុនOCIC ទីក្រុងកោះពេជ្រចំនួន០២គ្រឿង រថយន្តអគ្គីភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ទើបធ្វើអោយភ្លើងរលត់ទៅវិញ នៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃដដែល ។

ក្នុងករណីនេះដែរ សមត្ថកិច្ចបានអោយដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែខួចខាតទ្រព្យសម្បត្តិ និងផ្ទះចំនួន៤ខ្នង ស្ទើរទាំងស្រុងតែម្ដង ។ ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕

ដកស្រង់ពី៖កោះសន្តិភាព