បណ្តាញសង្គម

​​ផ្តន្ទាទោសចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​១៨​ខែ ពិន័យ​ប្រាក់​២​​លានរៀល​​​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងចាងហ្វាងកាសែតជាតិខ្មែរ ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដាក់ពន្ធនាគារកំណត់១៨ ខែ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន២លានរៀល ។

ជនជាប់ចោទឈ្មោះ រស់ សុឃិត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាចាងហ្វាងកាសែតជាតិខែ្មរ មានអាស័យដ្ឋានរស់នៅភូមិកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សូមរំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនចាងហ្វាងកាសែតជាតិខ្មែរ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានសមត្តកិច្ចនគរបាលផែនសន្តិសុខរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាល ពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តាមដីការបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជនជាប់ចោទត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ចាប់ពីពេលនោះមក ។

ដកស្រង់ពី៖កោះសន្តិភាព