បណ្តាញសង្គម

គ្រូបង្រៀន​វិទ្យាល័យ​បឹង​ត្របែក​ខ្លះ​​នៅ​តែបារម្ភ​ពីការបាត់​ដី​សាលា

រាជធានីភ្នំពេញ ៖ គ្រូបង្រៀនមួយចំនួន ជាពិសេសគ្រូជិតចូលនិវត្តន៍នៃវិទ្យាល័យបឹង ត្របែក មកដល់ពេលនេះទៅហើយនៅតែបារម្ភពីការបាត់ដីសាលាដែលពួកគាត់បានថែរក្សាអស់ជាច្រើនទសវត្ស ទោះបីកន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកឱ្យបញ្ឈប់សកម្មភាពដោះដូរអគាររបស់រដ្ឋតទៅទៀត ជាមួយនឹងការព្រមានដកតួនាទីថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយចំនួនដែលមិនអនុវត្តតាមការណែនាំរបស់លោកក្ដី។

តំណាងគ្រូបង្រៀនដែលជិតចូលនិវត្តន៍រូបនោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ការបារម្ភពីការបាត់ដីសាលានេះបានកើតមានឡើងតាំងពីជំនាន់លោក អុឹម សិទ្ធី ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកម្ល៉េះ បន្ទាប់ពីមានការស្នើសុំដីពីស្ថាប័នផ្សេងៗជាបន្តបន្ទាប់ទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាមេអណ្ដើក ។

លោកថា ក្នុងការស្នើសុំដីនៅក្នុងបរិវេណវិទ្យាល័យបឹងត្របែកកន្លងមកនេះមានការអះ អាងថា យកទៅសាងសង់អគារស្ថាប័នផ្សេងៗបម្រើឱ្យផលប្រយោជន៍រួមដោយសន្យាផ្ដល់សំណងដល់សាលាវិញជាអគារសិក្សា ។ រាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ក៏បានយល់ព្រមតាមការស្នើសុំរបស់ស្ថាប័នទាំងនោះ ចំណែកគ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកភាគច្រើនមិនបានជំទាស់នឹងការសម្រេចរបស់ថ្នាក់ដឹកនាំទេ។ការជំទាស់ត្រូវគេមើលឃើញលេចចេញជារូបរាងបន្តិចម្ដងៗដោយសារស្ថាប័នដែល ទទួលបានដីពីសាលាយកទៅសាងសង់ហើយបែរជាធ្វើមិនដឹងមិនលឺចំពោះការសន្យារបស់ខ្លួន ។

ករណីផ្ដល់ដីវិទ្យាល័យបឹងត្របែកមួយផ្នែកទៅឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(សាលាច្បាប់)ជាថ្នូរទទួលបានសំណងជាអគារសិក្សា ត្រូវក្រុមគ្រូបង្រៀនតវ៉ាដល់ថ្នាក់ដឹកនាំក្រសួងអប់រំកាលណោះរាប់ឆ្នាំទើបចេញជាលទ្ធផល។

ការជំទាស់បានកើតឡើងជាថ្មីរហូតមានការផ្ដិតមេដៃលើញ្ញត្តិផ្ញើជូនប្រមុខរាជរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ចំពោះផែនការផ្ដល់ដីទីធ្លាវិទ្យាល័យបឹងត្របែកទៅឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា និងគណៈវិស្វករកម្ពុជាសង់អគារការិយាល័យ ។

ផ្ទៃដីចំនួន៨ពាន់ម៉ែត្រការ៉េក្នុងចំណោមផ្ទៃដីសរុបប្រមាណ១២ហិកតានៃវិទ្យាល័យបឹងត្របែកបានក្លាយជាជម្លោះខ្វែងគំនិតគ្នាលើសំណងនៃការអភិវឌ្ឍបន្ទាប់ពីវិទ្យាស្ថានស្លឹករឹតរបស់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីរៀបចំជាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រក្នុងបរិវេណវិទ្យាល័យបឹងត្របែក នេះ ក្រុមគ្រូបង្រៀនដែលបានផ្ដិតមេដៃជំទាស់គោលការណ៍រអភិវឌ្ឍន៍នេះឱ្យដឹងថា មូលហេតុពួកគាត់មិនពេញចិត្តចំពោះគម្រោងនេះ ដោយសារសំណងនៃការដោះដូរមានចំនួន៦០០ដុល្លារសម្រាប់គ្រូម្នាក់គឺតិចជាងការចង់បានរបស់ពួកគាត់ដែលទាមទារចំនួន៥០០០ដុល្លារ ។

ការទាមទារក្នុងតម្លៃមួយដ៏ខ្ពស់នេះ ត្រូវបានតំណាងគ្រូបង្រៀនស្ថិតក្នុងក្រុមជំទាស់អះអាងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះថា គឺពួកគាត់មិនចង់ ឱ្យបាត់បង់ដីសាលាដែលពួកគាត់បានមើលថែរក្សាតាំងពីឆ្នាំ១៩៧៩មកប៉ុណ្ណោះ ។

ដកស្រង់ពី៖កោះសន្តិភាព