បណ្តាញសង្គម

រដ្ឋអំណាចមូល​ដ្ឋាន​លក់​ដី​រួម​ តាំង​ពី​​ជាង​១០​ឆ្នាំ​មុនទើបផ្ទុះការ​តវ៉ា

ខេត្តកំពង់ស្ពឺ ៖ ដីមួយកន្លែងដែលមេភូមិបានលក់ ហើយអ្នកទិញបានចុះបញ្ជីធ្វើប្លង់កាន់កាប់ជិត២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ទើបផ្ទុះការតវ៉ាដាក់ពាក្យបណ្តឹងទាមទារសុំអោយតុលាការជួយផ្តល់យុត្តិធម៌។ ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនេះដែរត្រូវបានភាគីអ្នកទិញអះអាងថា មានអ្នកញុះញង់ពីក្រោយខ្នង ដើម្បីបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។

យោងតាមប្រភពបានអោយដឹងថា ប្រជាពលរដ្ឋចំនួន137គ្រួសាររស់នៅភូមិដូនអាត់ឃុំស្គុះស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្តឹង និងស្នើសុំដល់តុលាការជួយ ពន្លឿនដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះជូនពួកគាត់។

ពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះដែរ ក្រុមប្រជាពលរដ្ឋនិងជាតំណាងប្រជាពលរដ្ឋទាំងអស់ រស់នៅភូមិដូនអាត់ឃុំស្គុះស្រុកសំរោងទងបានឱ្យដឹងថា ដីរួមភូមិរបស់ពួកគាត់មានចំនួន 54 ហិកតា ត្រូវបានអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាយកទៅលក់ឲ្យបុគ្គលម្នាក់ដែលធ្វើការនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ការលក់ដីរួមភូមិចំនួន 54 ហិកតានេះ ប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើ ឈ្មោះ អំចេវ អាយុ៦៧ឆ្នាំ ជាមេភូមិលោកញឹបញឿនជាអនុភូមិ និងម្នាក់ទៀតឈ្មោះលាស់ គីញ ជាអតីតមេភូមិដូនអាត់ ។

អ្នកទាំងបីត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បាននាំគ្នាឃុបឃិតយកដីរួមភូមិរបស់ពួកគាត់លក់ទៅឲ្យបុគ្គលម្នាក់ឈ្មោះប៉ាក ចាន់ផល ភេទប្រុស អាយុ50ឆ្នាំ មានទីលំនៅក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ការដែលពួកគាត់ដាក់ពាក្យបណ្ដឹងចូលតុលាការនេះ គឺក្នុងន័យទាមទារឲ្យឈ្មោះអំចេវឈ្មោះញឹប ញឿន និងលាស់ គីញ ព្រមទាំងលោកប៉ាកចាន់ផលឱ្យចូលខ្លួនដោះស្រាយបញ្ហាពាក់ព័ន្ធដីរួមភូមិទំហំជាង 54ហិកតាដែលស្ថិតនៅក្នុងភូមិដូនអាត់នេះដើម្បីអោយដឹងខុសត្រូវ។

ដីទាំងអស់ត្រូវបានក្រុមប្រជាពលរដ្ឋអះអាងថា អាជ្ញាធរភូមិបានកុហកពួកគាត់ជាប្រជាពលរដ្ឋហើយយកដីនេះទៅលក់ឱ្យលោកប៉ាកចាន់ផលក្នុងមួយហិកតាចំនួន 200 ដុល្លារគឺលក់កាលពីអំឡុងឆ្នាំ 2008 ដែលការទិញលក់នេះពួកគាត់មិនបានដឹងសោះឡើយ។ ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ។

ដកស្រង់ពី៖កោះសន្តិភាព