បណ្តាញសង្គម

ព្រោះតែ​ភ្លើងទៀន​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់ សាលាឆាន់​វត្ត​ប្រាសាទ​អស់​មួយ​ខ្នង

ខេត្តព្រៃវែង ៖ មេឃក្តៅហួតហែងមានខ្យល់រំភើយបក់មកតិចៗ សូមបងប្អូនប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាភ្លើងចង្ក្រាន ភ្លើងធូប-ទៀន ដែលអុជទុកចោលវាអាចបង្កក្លាយទៅជាអគ្គិភ័យឆាបឆេះគ្រោះថ្នាក់ ឬខូចខាតបាត់បង់សម្ភារទ្រព្យសម្បត្តិរបស់យើងខំរកពីមុនមកយ៉ាងលំបាកត្រូវរលាយអស់ទៅវិញតែមួយពព្រិចភ្នែកនោះឡើយ។

ជាក់ស្តែងដូចជាករណីនេះ ដោយសារតែភ្លើងទៀនព្រះសង្ឃអុជទុកចោល បានបង្កក្លាយទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើសាលាឆាន់មួយខ្នង ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ទំហំ(២៤ម៉ែត្រគុណនឹង១៨ម៉ែត្រនៅចំណុចវត្តប្រាសាទ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អស់ទាំងស្រុង បើគិតសរុបជាទឹកប្រាក់ថ្លៃខូចខាតប្រហែល ១០០ ០០០ ០០០រៀល (មួយរយលានរៀល)។ហេតុការណ៍អគ្គិភ័យនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយទទួលបានព័ត៌មានភ្លាមអាជ្ញាធរសមត្ថកិច្ចស្រុកកំពង់ត្របែក ដឹកនាំបញ្ជាដោយផ្ទាល់ពីលោក យ៉ាវ សានិន អភិបាលស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿងជួយអន្តរាគមន៍បាញ់ទឹកអស់ចំនួន៤ឡាន ទើបគ្រប់គ្រងស្ថានការបាន មិនឲ្យអណ្តាតភ្លើងឆេះរាលដាលដល់ផ្ទះពលរដ្ធជិតខាង។ ទោះយ៉ាងណាករណីនេះមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់រងរបួសឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព