បណ្តាញសង្គម

មិនរាងចាល! ធ្លាប់ជាប់គុក ៥ឆ្នាំហើយ ទើបចេញមកវិញ បាន ៧ខែ ពាក់ព័ន្ធគ្រឿងញៀនទៀត!

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ០៥ឆ្នាំម្តងហើយ ពាក់ព័ន្ធគ្រឿងញៀន ពេលនេះ មិនរាងចាល ទើបតែចេញពីពន្ធនាគារបាន ៧ខែ ក៏ត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួន និងវត្ថុតាងគ្រឿងញៀនទៀត។ នគរបាល បានរៀបចំសំណុំរឿង បញ្ជូនបុរសនោះ ទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ស្រី សុខុម នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ១៥ នាទី ព្រឹក កម្លាំងផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅចំណុចផ្ទះជនសង្ស័យ ជាប់របងវត្តសមាធិផល ស្ថិតនៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ។ ប្រតិបត្តិការនោះ ក្រុមការងារចម្រុះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាញ់ សុខា អាយុ ៥២ឆ្នាំ។ បុរសនេះ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០៥ ឆ្នាំ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។

ជាមួយនឹងការបង្រ្កាបនេះ ក្រុមការងារចម្រុះ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឆែកឆេរលំនៅដ្ឋានជនសង្ស័យ រុករកវត្ថុតាង ឃើញមានថ្នាំប្រភេទគ្រាប់ Wyចំនួន ៣២ គ្រាប់ ម្សៅក្រាមពណ៌សថ្លា ចំនួន ១៣ កូនថង់តូច បំពង់ជក់ ១ ដែកកេះ ៥ ដើម និងសំបកកូនថង់ផ្លាស្ទិកមួយចំនួន។

លោកនាយការិយាល័យ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានរក្សាទុកថ្នាំញៀនប្រភេទម៉ាកកក និងថ្នាំគ្រាប់ពណ៌ក្រហម ដែលទិញក្នុងតំលៃសរុបចំនួន២០ម៉ឺនរៀល។

ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។ បន្ទាប់ពីចេញពីពន្ធនាគារ ខ្លួនតែងប្រើប្រាស់ថ្នាំញៀន ប្រភេទម៉ាទឹកក និងប្រភេទថ្នាំគ្រាប់ពណ៌ក្រហម ដោយប្រើ ២ដង ក្នុង ១ខែ ហើយថ្នាំញៀន ដែលខ្លួនប្រើប្រាស់ គឺទិញពីឈ្មោះ ហាប់ ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ៕

ដកស្រង់ពី៖កោះសន្តិភាព