បណ្តាញសង្គម

ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ បាន​បន្លាស់​ទី​ឡើងគោក​១០០%​ហើយ

ខេត្តកំពង់ឆ្នាំង ៖ យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងជាលើកទី២ ស្ដីពីការបន្លាស់ទីផ្ទះបណ្ដែតទឹកឲ្យអស់នៅបំណាច់ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរឃុំឆ្នុកទ្រូ បានធ្វើការបន្លាស់ទីផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋឡើងគោកសម្រេច១០០% ហើយ នេះជាការអះអាងរបស់អាជ្ញាធរឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារកោះសន្តិភាព នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ។លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងការបន្លាស់ទីផ្ទះបណ្តែត បើគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ។

អាជ្ញាធរមូលដ្ឋានបានខិតខំណាស់ ដើម្បីសម្រេចតាមផែនការ របស់សាលាខេត្ត។ រយៈកាលកន្លងទៅយើងធ្វើបាន១ឆ្នាំបន្តិចៗ ហើយធ្វើបានតែខែទឹកឡើងតែប៉ុណ្ណោះ ម្លោះហើយនៅសេសសល់ខ្លះមិនបានល្អ១០០%ទេ។ ប៉ុន្តែថ្មីៗនេះ តាមផែនការរបស់សាលាខេត្តកំពង់ឆ្នាំង បានកំណត់ឱ្យប្រជាពលរដ្ឋ ត្រូវចាកចេញឱ្យអស់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា។

អាជ្ញាធរភូមិឃុំ បានព្យាយាមសម្របសម្រួល និងជួយរៀបចំបន្លាស់ទីផ្ទះបណ្តែទឹក ក្នុងឃុំឆ្នុកទ្រូនេះ រហូតសម្រេច១០០% មុនផែនការ។យ៉ាងនេះក្តី នៅសល់ផ្ទះចំនួន៧ខ្នងទៀត អូសមកមិនរួចបានកៀងដោយទឹករាក់ គឺអូសមិនដល់គោលដៅ ដែលអាជ្ញាធរកំណត់ទីតាំងឱ្យរស់នៅ ម្លោះហើយពួកគាត់ត្រូវអូសទម្លាក់ចុះក្រោមបន្តិច តែមិនដល់ទន្លេទេគឺនៅត្រឹមពោះប្រឡាយដែលបានជីក ហើយឆ្នាំក្រោយ និងត្រូវអូសឡើងមកតាមទឹកបន្តទៀត។

ហេតុនេះហើយទើបមានខ្លះយល់ច្រឡំថា៖ មានផ្ទះអូសចុះក្រោមទៅនៅក្នុងទន្លេវិញ តាមការពិតគ្រាន់តែអូសឱ្យផុតកន្លែងដែលត្រូវស្តារប្រឡាយទេ ហើយផ្ទះទាំងនោះក៏នៅក្នុងប្រឡាយដែរមិននៅក្នុងទន្លេទេ។

មិនត្រឹមប៉ុណ្ណឹងផ្ទះដែលអូសទៅវិញនោះ គឺដាក់បិទច្រកផ្លូវទឹកការពារមិនឱ្យមានជនខិលខូចលួចរំកិលផ្ទះទឹកចូលទន្លេវិញ បានទៀតផង។ តាមការបញ្ជាក់បន្ថែមពីអាជ្ញាធរឃុំឆ្នុកទ្រូ បានឱ្យដឹងថា៖ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលមករស់នៅលើគោក មានភាពស៊ាំទៅនឹងទីកន្លែងថ្មីនៅលើកគោក ដោយពួកគាត់ទទួលបានទឹកស្អាត ភ្លើងអគ្គីសនី ផ្លូវគោក ផ្លូវទឹក និងសាលារៀន សម្រាប់កូនចៅពួកគាត់ទៀតផង។

មិនត្រឹមប៉ុណ្ណឹងពួកគាត់ទទួលបានដីសម្រាប់លំនៅដ្ឋាន ទំហំ២០គុណ៥០ម៉ែត្រ រួចជាស្រេច ។ បន្ថែមលើនេះ អាជ្ញាធរឃុំកំពុងដាក់សំណើទៅថ្នាក់លើ ដើម្បីស្នើសុំដី ជូនពួកគាត់សម្រាប់បង្កបង្កើនផលទៀតផង៕

ដកស្រង់ពី៖កោះសន្តិភាព