បណ្តាញសង្គម

បំបែក​ហើយ! ក្រោយជួញ​ដាក់​ជា​​ក​ញ្ចប់​​​បញ្ញើ​តាមប្រៃស​ណីយ៍​​​៣​លើក

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នង ការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ ដោយឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួញទុច្ចរិតឆ្លងដែនត្រូវបានបង្ក្រាប ។

តាមប្រភពព័ត៌មានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស្រាវជ្រាវស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជាទៅញូហ្ស៊ីលែន និងអូស្ត្រាលី ដោយបង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន៣លើក ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប២.៥៤៩,៧៧ក្រាម ស្មើជាង២គីឡូកន្លះ លទ្ធផលរួមមានដូចខាងក្រោម៖លើកទី១-នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញ(Cargo)នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់ ។

លើកទី២-នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញ(Cargo)នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១.២៩៥,៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមាព្រះពុទ្ធរូបឈើ២ព្រះអង្គ ។ លើកទី៣-នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១-ឈ្មោះ លឿង សៀងហៃ ភេទប្រុស កើតឆ្នាំ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿង ញៀន) ។

២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិខ្មែរ(អ្នកផ្ញើគ្រឿងញៀន) ។ វត្ថុតាងដែលបានរឹបអូស គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១.០៤៨,៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមា៤អង្គ ព្រះកេស១ ព្រហ្ម២ បរមរូបព្រះបាទជ័យវរ្ម័ន ។

លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏បានបន្តការស្រាវជ្រាវកំណត់មុខសញ្ញាមេខ្លោង១នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន អាយុ៥៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់២០៥ អាផាត់មែនវិមានឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១២០,២៧ក្រាមបន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី២រូប និងដំបងឈើ២កំណាត់៣គូ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព