បណ្តាញសង្គម

៣ថ្ងៃ ​បង្ក្រាប​ ៣ករណី ចាប់ ៥នាក់ ថ្នាំញៀនជាងកន្លះខាំ តម្លៃជាង ១៥០០ដុល្លារ

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសគ្រឿងបាន ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ និងរឹបអូសថ្នាំញៀន ៩កញ្ចប់ ស្មើនឹងជាងកន្លះខាំ ដែលមានតម្លៃ ក្នុងទីផ្សារជាង ១៥០០ដុល្លារ។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានដកហូតទូរស័ព្ទដៃ កាំបិត ដាវ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នេះបើតាមលោក ហ៊ុល វាសនា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង។ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើង នៅភូមិចុងកោះ ក្រុងកំពង់ឆ្នាំង និងនៅស្រុកកំពង់ត្រឡាច។ ក្នុងនោះ នៅពេលចុះបង្ក្រាបលើកទី៣ សមត្ថកិច្ច ក៏បានសុំគោលការណ៍ ពន្លាតដែនដី បង្រ្កាបជនសង្ស័យ ដល់ស្រុកពញាឮ ខេត្តកណ្ដាល។

លោកស្នងការរង ហ៊ុល វាសនា បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ ៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺមាន ២នាក់ ជាអ្នកជួញដូរថ្នាំញៀនយ៉ាងសកម្មបំផុត រួមមាន ឈ្មោះ សេង វុទ្ធី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិប្រក់ក្តា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល និងម្នាក់ទៀត ឈ្មោះ វន វិសាល អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតាជាល ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងពេលបង្ហាញមុខក្រុមជនសង្ស័យ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោកស្នងការរង ហ៊ុល វាសនា បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ ៣កុំ និង ១រាយការណ៍។

គឺកុំពាក់ព័ន្ធគ្រឿងញៀន កុំអន្តរាគមន៍ សុំដោះលែងអ្នកជាប់ពាក់ព័ន្ធគ្រឿងញៀន និងកុំលើកលែង ចំពោះគ្រឿងញៀន។ ចំណែក ១រាយការណ៍ គឺត្រូវរាយការណ៍ ទៅសមត្ថកិច្ចនគរបាល បើមានឃើញជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់ ការចរាចរណ៍នូវសារធាតុញៀន៕

ដកស្រង់ពី៖កោះសន្តិភាព