បណ្តាញសង្គម

ម្ចាស់​ភ្លេចខ្លួន​មួយ​ភ្លែត​សោះ ពិតជា​លឿន​មែន តែ​សំណាង​មិន​ជួយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆ្លៀតឱកាសជនរងគ្រោះមិននៅទុកម៉ូតូចោលមួយភ្លែត ស្រាប់តែជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច រួចបើករត់គេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល១ កាលពីវេលាម៉ោង ៨នឹង១៥នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៣កែងផ្លូវ១០៨ នៅចំណុចក្រោយផ្សាររាត្រី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះ មិន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលគោក ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គឺជនរងគ្រោះបានទុកម៉ូតូរបស់គាត់ចោលនៅលើផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១១០ គឺម៉ូតូម៉ាកហុងដាឃ្លីកពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AR 5084 លុះដល់ម៉ោងកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច ហើយជិះរត់គេចខ្លួន ចៃដន្យសំណាងល្អហើយដែលមានកម្លាំងល្បាតរបស់ខាងប៉ុស្តិ៍ផ្សារកណ្តាល១ ឃើញទាន់ទើបសមត្ថកិច្ចដេញតាមចាប់ប្រផាប់ប្រផីញទៅដល់ផ្លូវ១៣ ក្រោយនឹងផ្សាររាត្រីជនសង្ស័យក៏ផ្តួលម៉ូតូហើយបម្រុងនឹងរត់ចោលម៉ូតូត្រូវបានសមត្ថកិច្ចក្របួចជាប់ភ្លាមៗ ហើយឆែកឆេរ រកឃើញឧបករណ៍ដែកកាច់កចំនួន២ សំណាងល្អហើយដែលមិនមានប្រជាពលរដ្ឋវាយមួយដៃវាយមួយជើងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រោយផ្សាររាត្រី ។ជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាធ្វើសកម្មភាពលួចកាច់កពិតមែន ។

ចំណែកឯជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីដាក់ពាក្យបណ្តឹងដូចគ្នា ។ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បី បញ្ចូនខ្លួនទៅកាន់តុលាដើម្បីចាត់ការទៅតាមនិតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព