បណ្តាញសង្គម

ឡានដឹកគ្រឿងសង្ហារឹម ៥គ្រឿង ពីស្ទឹងត្រែង មកដល់ក្រចេះ ទើបប៉េអឹម ចាប់បាន!

ខេត្តក្រចេះ៖ រថយន្តសាំយុង ៥ គ្រឿង ដឹកគ្រឿងសង្ហារឹម ចេញពីសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៧១០ បង្ក្រាប ហើយប្រគល់ឱ្យជំនាញ។

ប្រតិបត្តិការបង្ក្រាបឡានដឹកគ្រឿងសង្ហារឹមនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើឡើងនៅវេលាម៉ោង ៤:៣០នាទីទាបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ប៉េអឹម បានឲ្យដឹងថា រថយន្តដឹកគ្រឿងសង្ហារឹម ចេញពីសិប្បកម្មកែច្នៃឈើខុសច្បាប់អនុញ្ញាតទាំង ៥គ្រឿងនេះ បានចេញពីខេត្តស្ទឹងត្រែង យកទៅលក់នៅរាជធានីភ្នំពេញ។ ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ក្រុមរថយន្តដឹកគ្រឿងសង្ហារឹមទាំងនេះ គឺមានមេខ្យល់ និងបក្ខពួករត់ការ។

ពេលចេញម្ដងៗ មានរថយន្តចាប់ពី ១០ ទៅ ២០គ្រឿងឯណ្ណោះ និងមានរថយន្តខ្លះ លួចបង្កប់ឈើប្រណិតទៀតផង។ នៅពេលក្រុមរថយន្តនោះ ចេញធ្វើសកម្មភាពម្តងៗ បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនខ្វល់ពីការបង្កគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍លើដងផ្លូវដូចគ្នានោះឡើយ។

ក្រោយពីកម្លាំងអាវុធហត្ថបង្ក្រាបបានរួចមក រថយន្តដឹកគ្រឿងសង្ហារឹមទាំង ៥ គ្រឿងនោះ ក៏បានប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើឃុំអូរគ្រៀង រក្សាទុក និងចាត់ការបន្តតាមច្បាប់ព្រៃឈើ៕

ដកស្រង់ពី៖កោះសន្តិភាព