បណ្តាញសង្គម

កូវីដសហគមន៍៖ ឪពុកម្តាយមួយចំនួនហៅកូននៅភ្នំពេញវិលទៅស្រុក

រាជធានីភ្នំពេញ ៖ យុវជនដែលកំពុងបម្រើការងារនិងសិក្សានៅភ្នំពេញមួយចំនួន ត្រូវបានឪពុកម្តាយទទួចឲ្យវិលទៅស្រុកកំណើតមួយរយៈសិន ខណៈដែលភ្នំពេញកំពុងប្រឈមនឹងជំងឺកូវីដ១៩ខ្លំាងក្លាពីព្រឹត្តិការណ៍២៨វិចិ្ឆកា ដែលគិតត្រឹមព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ រកឃើញមានអ្នកកើតកូវីដ ក្នុងសហគមន៍កើនឡើងដល់ ៣២ នាក់នោះ ។កញ្ញា ស្រីនាថ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាអ្នកបម្រើការងារតាមផ្ទះបានឲ្យដឹងថាគាត់មានបងប្អូនស្រីបីនាក់ កំពុងធ្វើការនៅភ្នំពេញ។

កញ្ញាធ្វើការតាមផ្ទះគេ ចំណែកបងស្រីរបស់ខ្លួនពីរនាក់ ធ្វើការនៅរោងចក្រកាត់ដេរ។ អ្នកខេត្តព្រៃវែងដែលជួលបន្ទប់គេស្នាក់នៅដើម្បីធ្វើការងារនៅទីក្រុង ម្តុំទួសង្កែបាននិយាយថា ចាប់តំាងពីមានការផ្ទុំឡើងជំងឺកូវីដ១៩ ទៅសហគមន៍ កាលពីថ្ងៃទី២៨វិច្ឆិកាមក ឪពុកម្តាយរបស់កញ្ញា បានទទួចសូមឲ្យពួកនាង ត្រឡប់ទៅផ្ទះមួយសិន ចំាស្ថានភាពនេះស្ងប់ចំាវិលមកភ្នំពេញវិញ។

ស្រីនាថ និយាយថា «មួយថ្ងៃៗពួកគាត់ទូរស័ព្ទមកពួកខ្ញុំឲ្យត្រឡប់ទៅផ្ទះបីបួនដង។ ពួកគាត់បារម្ភខ្លំាង ដោយសារនៅជនបទគេនិយាយច្រើនពិបញ្ហានេះ។ ប៉ុន្តែយើងប្រាប់គាត់ថាមិនអីទេ។ យើងពិបាកទៅទៅស្រុកណាស់ពីព្រោះការងារមិនអនុញ្ញាតឲ្យឈប់ឡើយ» ។ផ្ទុយពីការដែលមិនបានទៅស្រុកកញ្ញានាថ អះអាងថាខ្លួននិងបងៗ មានការប្រុងប្រយ័ត្នជានិច្ច រៀងរាល់ថ្ងៃនេះ ដោយត្រូវពាក់ម៉ាស និងព្យាយាមនៅឆ្ងាយពីមនុស្សដែលមិនស្គាល់។

ទោះយ៉ាងណា កញ្ញា និយាយថា ការបង្ការជំងឺកូវីដ១៩ហាក់មានការលំបាក ដោយសារជំងឺនេះ ងាយឆ្លងហើយមិនអាចសម្គាល់បានថាអ្នកណាផ្ទុកឬមិនផ្ទុកជំងឺនេះ។ចំណែកលោករដ្ឋា អាយុ២៩ឆ្នាំ ជាអ្នកធ្វើការនៅហាងលក់កាហ្វេមួយនៅម្តុំទួលទំពួង។ លោករដ្ឋា ថាលោកនិងមិត្តភ័ភ្តិរួមការងារ មានការព្រួយបារម្ភខ្លំាងពីការឆ្លងជំងឺកូវីដ ១៩។ ប៉ុន្តែថៅកែរបស់លោក បានតម្រូវឲ្យបុគ្គលិកមានការប្រយ័ត្នប្រយែងខ្លំាងមែន ទែន។

ថៅកែបានទិញម៉ាសឲ្យបុគ្គលិកពាក់ ហើយគ្រប់ភ្ញៀវចូលហាងរបស់គាត់ត្រូវវាស់កម្តៅ លាងដៃនឹងអាកុល និងតម្រូវឲ្យភ្ញៀវពាក់ម៉ាសទើបឲ្យចូលក្នុងហាងជាដើម ។ ចំណែកតុអង្គុយបានរៀបចំឲ្យនៅឃ្លាតឆ្ងាយពីគ្នា។

«តាមពិតទៅខ្ញុំបារម្ភណាស់ ហើយឪពុកម្តាយខ្ញុំនៅស្រុក គាត់បារម្ភជាងខ្ញុំទៅទៀត។ គាត់ពិតជាចង់ឲ្យខ្ញុំទៅស្រុក ប៉ុន្តែខ្ញុំមិនអាចទៅបាន។ គេអាចនៅធ្វើការបានយើងគួរតែនៅធ្វើការ ហើយប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទៅបានហើយ។ បើយើងទៅខ្លាច មានតែត្រូវបាត់បង់ការងារ ពីព្រោះអាជីវកម្មគេមិនបិទ បើយើងឈប់ គេនឹងរើសអ្នកថ្មីមកជំនួស» ។បើតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងកាលទេសៈនេះពលរដ្ឋមិនគួរធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយទេ។ ពិសេសការធ្វើដំណើរពីភ្នំពេញទៅខេត្តឬពីខេត្តមកភ្នំពេញនោះ បើមិនចំាបាច់។

ជួនកាលការធ្វើដំណើរចល័តនេះ អាចធ្វើឲ្យមានការឆ្លងរាលដាលជំងឺនេះ ពីតំបន់មួយទៅតំបន់វិញទេ ប្រសិនជាមានបុគ្គលណាមានផ្ទុកជំងឺនេះ ហើយមិនបានធ្វើតេស្តនោះ។ បើតាមក្រសួងសុខាភិបាល ការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជាវិធានការណ៍ល្អបំផុត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ បើមិនចំាបាច់កុំចេញពីផ្ទះ ឬកន្លែងស្នាក់អាស្រ័យ។ ជាមួយគ្នានេះ តាមបើការសង្កេតឃើញថាពលរដ្ឋកម្ពុជា ដែលមានវ័យចាស់ៗ ពួកគាត់ ហាក់នៅមានការភ័យខ្លាច ដែលបន្សល់ពីអតីតកាល។

ការភ័យខ្លាចដែលពលរដ្ឋចាស់ៗ បានឆ្លងកាត់សង្រ្គាម ពីអតីតកាលនោះ រហូតមកដល់ពេកនេះ បើសង្គមជាតិមានព្រឹត្តិការណ៍អ្វីមួយផ្ទុះ ឡើងមិនថាជាករណីជំងឺរាតត្បាត ឬឧបទ្ទហេតុផ្សេងៗ ហើយសូម្បីករណីជម្លោះនយោបាយ ក៏តែងតែនាំគ្នាចាកចេញពីភ្នំពេញទៅស្រុក ឬអ្នកស្រុកហៅអ្នកក្រុងចេញទៅស្រែវិញជារឿយៗ។

សម្រាប់ព្រឹត្តិការណ៍កូវីដ១៩នាពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវដល់ពលរដ្ឋមិនគួរភ័យស្លន់ស្លោរ រហូតបាត់ម្ចាស់ការនោះទេ។ វិធានការណ៍សំខាន់នៅពេលនេះ ពលរដ្ឋត្រូវចូលរួមបង្ការកុំឲ្យខ្លួនឆ្លងជំងឺកូវីដ១៩ លើខ្លួនឯង ហើយចម្លងទៅគ្រួសារនិងសហគមន៍ ៕

ដកស្រង់ពី៖កោះសន្តិភាព