បណ្តាញសង្គម

លួចច្រើនលើក ញ៉ាម ទីបំផុត ដេកគុក!

បន្ទាយមានជ័យ៖ បុរសម្នាក់ បានលួចកាត់ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ជាច្រើនលើកច្រើនសា តែលើកចុងក្រោយ ត្រូវចាប់ខ្លួន ដោយមានទុយោ ១ដុំ ជាវត្ថុតាង។ បុរសលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់នោះ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួននេះ មានឈ្មោះ ភ័ណ វណ្ណា ភេទប្រុស អាយុ ២៤ឆ្នាំ (គ្មានមុខរបរពិតប្រាកដ) ស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ដែលត្រូវបានជនសង្ស័យ លួចកាត់ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត រួចមក កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវ កំណត់មុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ និងដកហូតវត្ថុតាង មានទុយោស្ពាន ១ដុំ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពេលឃាត់ជនសង្ស័យ និងដកហូតវត្ថុតាងហើយ នាំយកសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺពិតជាធ្វើសកម្មភាពលួចកាត់ទុយោស្ពានម៉ាស៊ីនត្រជាក់ ហើយធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើកច្រើនសាមកហើយ។ កងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព