បណ្តាញសង្គម

កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​បាត់បង់​ជីវិត​ដោយ​មិនដឹង​មូលហេតុ?

រាជធានីភ្នំពេញ ៖ បុរសជាកម្មករអូសរទេះនៅផ្សារនាគមាសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្សារឃ្លាំងរំសេវ ដោយពុំដឹងមូលហេតុឡើយ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២ និង៤០នាទីរសៀល ថ្ងៃទី៩ ខែធ្នូនេះ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសរូបនោះត្រូវបានកម្មករដូចគ្នាអោយដឹងថា ឈ្មោះហៅក្រៅ តាខ្លា អាយុ 57 ឆ្នាំ មានលំនៅខេត្តក្រចេះ ។ តាមព័ត៌មានឱ្យដឹងថា នៅវេលារសៀលនោះ គេឃើញបុរសរូបនោះបានទៅដេកនៅមុខតូបខាងលើ ហើយត្រូវបានគេប្រទះឃើញស្លាប់តែម្ដង ។

ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះស្លាប់ដោយសារអ្វីឡើយ ។តាមកម្មករដូចគ្នាបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី8 ខែធ្នូនេះ បន្ទាប់ពីធ្វើការអស់កម្លាំង បុរសរូបនោះរួមជាមួយកម្មករដូចគ្នាចំនួន 4 នាក់ បាននាំគ្នាអង្គុយផឹក នៅតាមផ្លូវលេខ 230 ខាងត្បូងផ្សារឃ្លាំងរំសេវ ។

លុះយប់ជ្រៅក៏បានទៅសម្រាកនៅក្នុងផ្សារឃ្លាំងរំសេវ និងបានដេកស្លាប់តែម្ដង ។ បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលបានចុះទៅពិនិត្យសព ហើយបញ្ជាក់ថា បុរសរូបនោះដេកស្លាប់ដោយសារគាំងបេះដូង ៕

ដកស្រង់ពី៖កោះសន្តិភាព