បណ្តាញសង្គម

កម្មករម្នាក់​បញ្ចប់ជីវិត​​ក្នុង​បន្ទប់ទឹក​ បន្សល់​ទុកត្រឹម​​ពាក្យ​មួយ​ឃ្លា​

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញចង.កនៅក្នុងបន្ទប់ទឹក បណ្តាលឱ្យបាត់បង់ជីវិត ដោយបន្សល់ទុកក្រដាសមួយសន្លឹកដែលសរសេរថា «សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ» ។

ពាក់ព័ន្ធនឹងករណីនេះ គេមិនដឹងថា ជនរងគ្រោះមានវិបត្តិអ្វីនោះទេ ទើបសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កបែបនេះ ។ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះអត់លេខ ផ្លូវឌឿងហែមកែងនឹងផ្លូវ៣៤៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបាត់បង់ជីវិតខាងលើឈ្មោះ ម៉ៅ សារេត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិសំបាត ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលជាអ្នកធ្វើការជាមួយជនរងគ្រោះបានរៀបរាប់ប្រាប់អោយឲ្យដឹងថា ជនរងគ្រោះខាងលើបានធ្វើការនិងស្នាក់នៅផ្ទះកើតហេតុ ដែលជាផ្ទះរបស់មេការទុកសម្រាប់ឲ្យកម្មករស្នាក់នៅអស់រយៈពេល៨ខែមកហើយ ។

ចាប់តាំងពីមកធ្វើការ និងស្នាក់នៅផ្ទះកើតហេតុ មិនដែលឃើញបុរសរងគ្រោះមានវិបត្តិអ្វីនោះទេ ហើយក៏មិនដែលប្រាប់រឿងអ្វីដល់អ្នករួមការងារជាមួយគ្នាថាខ្លួនមានបញ្ហាអ្វីនោះដែរ ។ តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ពួកគាត់រួមជាមួយនឹងជនរងគ្រោះបានត្រឡប់មកពីការដ្ឋានសំណង់ដែលនៅម្តុំផ្សារដេប៉ូ និងមកសម្រាកនៅផ្ទះកើតហេតុជាធម្មតា ។

លុះហូបបាយពេលល្ងាចរួចហើយ ជនរងគ្រោះខាងលើបានទិញស្រាបៀរចំនួន២កំប៉ុងផឹកតែម្នាក់ឯង មុនពេលចូលដេក។ លុះដល់ម៉ោង៩យប់ថ្ងៃកើតហេតុ កម្មករទាំងអស់ក៏បានទៅដេកតាមកន្លែងរៀងៗខ្លួនអស់ទៅ។ តាមប្រភពដដែលបានបន្តទៀតថា ចំណែកគាត់និងកម្មករចំនួន៣នាក់ទៀតបានដេកនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី ចំណែកជនរងគ្រោះដេកម្នាក់ឯងនៅខាងក្រៅបន្ទប់ជាន់ផ្ទាល់ដី រីឯអ្នកផ្សេងទៀតបានទៅដេកនៅជាន់ខាងលើ។

ពេលនោះកម្មករទាំងអស់ក៏បានបិទភ្លើងចូលដេកស្ងាត់អស់ នៅឡើយតែគាត់មិនទាន់ងងុយ នៅដេកមើលទូរស័ព្ទក្នុងបន្ទប់។ តាមប្រភពដដែលបានបន្តទៀតថា ខណៈពេលនោះ គាត់ក៏បានឮសំឡេងជនរងគ្រោះនៅមិនទាន់ដេកលក់ និងកំពុងតែធ្វើអ្វីមិនដឹងនៅកន្លែងរបស់គាត់ តែគាត់មិនបានចាប់អារម្មណ៍និងមិនបានសួរនាំនោះទេ បន្ទាប់មកក៏ឮសំឡេងជនរងគ្រោះដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ។

លុះមួយស្ទុះក្រោយមកគាត់ក៏បានងើបទៅបន្ទប់ទឹក ដើម្បីបត់ជើងតូច តែខណៈពេលទៅដល់ក៏ឃើញទ្វារបន្ទប់ទឹកបានបិទនិងមានបើកភ្លើងពីខាងក្នុង។ ពេលនោះគាត់ក៏មិនបានគោះទ្វារសួរអ្វីនោះទេ ដោយគិតថាជនរងគ្រោះនៅខាងក្នុង។

តាមប្រភពដដែលបានបន្តទៀតថា លុះប្រមាណជា២០នាទីក្រោយមក គាត់ក៏បានទៅជាលើកទី២ និងលើកទី៣ជាបន្តបន្ទាប់ ប៉ុន្តែទ្វារបន្ទប់ទឹកនៅតែបិទដដែល។ រហូតដល់វេលាម៉ោងកើតហេតុ គាត់ក៏បានទៅបន្ទប់ទឹកជាលើកទី៤ ពេលដែលទៅដល់ឃើញអំពូលភ្លើងបន្ទប់ទឹកបានបិទ គាត់ក៏បើកទ្វារ និងបើកភ្លើងចូលទៅ ស្រាប់តែឃើញជនរងគ្រោះចង.កជាប់នឹងឥដ្ឋខ្យល់បន្ទប់ទឹក ។

ភ្លាមៗនោះគាត់ក៏ស្រែកឆោឡោអោយគេមកជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលស្នាក់នៅក្នុងផ្ទះកើតហេតុនាំគ្នាងើបមកជួយកាត់ខ្សែទម្លាក់ជនរងគ្រោះចុះមកខាងក្រោម តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលខាងលើរួចមក សមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ រកឃើញថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារចងកប្រាកដមែន និងបានរកឃើញក្រដាសមួយសន្លឹកដែលជនរងគ្រោះបានសរសេរថា «សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ»។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះ និងបានប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត៕

ដកស្រង់ពី៖កោះសន្តិភាព