បណ្តាញសង្គម

ចោរ​គាស់​តូប​លក់​ខោអាវ​និង​ហាង​លក់​​ទូរស័ព្ទ​២​យប់​ផ្ទួនៗ​ដោយសុវត្ថិ​ភាព

ខេត្តបាត់ដំបង ៖ សមាសភាពចោរហារយ ហាក់កំពុងបង្ហាញពីសកម្មភាពរបស់ខ្លួនកាន់តែខ្លាំង ហើយកំពុងរីករាលដាល់ដល់តាមបណ្ដាទីប្រជុំជននានានៅតាមជនបទ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះទំលាយលួចទ្រព្យសម្បត្តិមិនឆ្អែតឆ្អន់នៅក្នុងក្រុងបាត់ដំបង បើទោះជាកន្លងមកសមត្ថ កិច្ចតែងបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់បានខ្លះៗក្ដី។

ជាក់ស្ដែង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ធ្នូ ចោរបានធ្វើសកម្មភាពគាស់ទ្វារហាងលក់ទូរស័ព្ទមួយកន្លែង នៅក្នុងភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ដែលម្ចាស់ហាងឈ្មោះ ឡោះ ស៊ីណាត ភេទប្រុស អាយុជាង៣០ឆ្នាំ។

ដោយឡែក មួយករណីទៀត លោកចោរបានគាស់តូបលក់ដូរលួចយកខោអាវនៅក្នុង«ផ្សារ ត្រែង»ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល (ផ្លូវទៅសំឡូត) ដែលម្ចាស់តូបបានដឹងនៅព្រឹកព្រលឹមថ្ងៃទី១០ ធ្នូ ពេលគាត់ទៅបើកតូបលក់ដូរ។ជុំវិញករណីទី១ លោកឡោះ ស៊ីណាត ម្ចាស់ហាងលក់ទូរស័ព្ទបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១០ ធ្នូថា គាត់មិនដឹងទេ ពេលចោរធ្វើសកម្មភាព ព្រោះគាត់សំរាន្តនៅបន្ទប់ខាងក្រោយ ។ ប៉ុន្តែបានដឹងថា នៅព្រឹកឡើងពេលគាត់រៀបចំបើកទ្វារហាងលក់ដូរ ។

គាត់និយាយថា ពេលនោះគាត់ឃើញស្នាមគាស់ទ្វារផ្ទះ ហើយបាត់ទូរស័ព្ទស៊េរីទំនើបអស់ចំនូន១២គ្រឿងពីក្នុងទូរទើបមានការភ្ញាក់ផ្អើកតែម្ដង។ប៉ុន្តែសកម្មភាពចោរម្នាក់នោះបានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលលោកបានបំពាក់នៅក្នុងផ្ទះ កន្លែងទូរលក់ទូរស័ព្ទ។លោកស៊ីណាត បានប្រាប់ថា ក្រោយពីពិនិត្យសព្វគ្រប់ពីទ្រព្យសម្បត្តិដែលបាត់បង់ នៅព្រឹក នៃថ្ងៃកើតហេតុ គាត់បានទូរស័ព្ទទៅប្ដឹងមន្ត្រីនគរបាលប៉ុស្ដ៍ តាមរយ:លេខទូរស័ព្ទ ០៨៩ ៦១៦៤៦៥ ដែលមន្ត្រីប៉ុស្តិ៍ផ្សេងបានផ្ដល់ឱ្យ តែគ្មានអ្នកទទូលទេ។ដោយសារគ្មានអ្នកទទូល ក្រោយមកទើបលោកសម្រេចទៅប្ដឹងនៅខាងកងរាជអាវុធហត្ថវិញម្ដង។

គាត់បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ធ្នូ នេះ លោកក៏បានរាយការណ៏បន្ថែមទៅកាន់មន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្តផងដែរ ដើម្បីឱ្យជួយអន្តរាគមន៏។ដោយឡែក បើនិយាយពីករណីលោកចោរគាស់តូបលក់សម្លៀកបំពាក់នៅក្នុង«ផ្សារ ត្រែង» នៅឃុំត្រែង ស្រុករតនមណ្ឌល ឯណោះវិញ ដែលជាស្រុកចុងកាត់មាត់ញកមួយជាប់ព្រំប្រទល់ខេត្តប៉ៃលិន ។

បើតាមនាយនគរបាលប៉ុស្ដ៍រដ្ឋបាលត្រែង លោក ហិត ណាត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ធ្នូ ដែរថា ម្ចាស់តូបលក់សម្លៀកបំពាក់ឈ្មោះ ស្រីអូន ត្រូវចោរគាស់តូបលក់ខោអាវរបស់គាត់លួយអស់ជាច្រើន តែគាត់បានដឹងនៅពេលគាត់ទៅបើកតូបលក់ដូរដូចសព្វដង នៅព្រឹកថ្ងៃទី១០ ធ្នូ។លោក ហិត ណាត បានប្រាប់ថា គេមិនអាចដឹងថា ចោរគាស់តូបលក់ដូរនៅម៉ោងប៉ុន្មានទេ តែម្ចាស់តូបគ្រាន់តែបានប្រាប់ថា គាត់បានដឹងនៅព្រឹកឡើងពេលទៅបើកតូបលក់ដូរ ។

ពាក់ព័ន្ធនឹងអំពើចោរកម្មនេះ លោកមេប៉ុស្តិ៍រូបនេះបានអះអាងថា លោកបានចុះពិនិត្យទីកន្លែងកើតហេតុនោះរួចហើយ។ ប៉ុន្តែនៅសួរថា តើលោកអាចកំណត់បាននូវមុខសញ្ញានៃជនសង្ស័យខ្លះទេរហូតដល់ពេលនេះ ? លោកមេប៉ុស្តិ៍រូបនេះមិនប្រាប់ទេ តែបានរុញឱ្យសួរទៅថ្នាក់លើ..។កោះសន្ដិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់តូបលក់ខោអាវឈ្មោះ ស្រីអូន នេះបានភ្លាមៗទេ នៅព្រឹកថ្ងៃទី១០ ធ្នូ ។

ប៉ុន្តែបើតាមប្រភពសពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សម្លៀកបំពាក់ដែលត្រូវចោរលួចនោះ ភាគច្រើនជាខោអាវខាវប៊យ ដែលគិតជាទឹកប្រាក់អស់ប្រហែល៣,០០០ដុល្លា។

ពាក់ព័ន្ធនឹងអំពើចោរកម្មគ្រប់រូបភាពដែលបានកើតឡើងនៅស្រុករតនមណ្ឌលនេះ បទល្មើសដដែលៗនេះបានកើតឡើងជាបន្តបន្ទាប់ច្រើនខែ.ឆ្នាំកន្លងមកហើយ។

ពេលខ្លះលោកចោរបានគាស់ផ្ទះអ្នកភូមិទាំងថ្ងៃចូលលួចទ្រព្យសម្បត្តិ ពេលខ្លះឡើងផ្ទះលួចទ្រព្យពេលយប់។ ជាពិសេសលំនៅឋានពលរដ្ឋដែលនៅម្ដុំផ្សារដំណាត់ស្ដៅ នៅក្នុងទីរួមស្រុករតនមណ្ឌលតែម្ដង។សកម្មភាពលោកចោរទាំងនោះ បានបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាពម្ចាស់ផ្ទះយ៉ាងច្បាស់ក្រឡែតទៀតផង តែរហូរដល់ពេលនេះការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅតែងងិតឈឹងគ្មានតម្រុយដដែល។

មិនតែប៉ុណ្ណោះ កន្លងទៅសមត្ថកិច្ចស្រុកនេះ ថែមទាំងព្យាយាមលាក់បាំងបទល្មើសដដែលនេះមិនរាយការណ៍ជូនថ្នាក់លើទៀតផង ទើបធ្វើឱ្យបទល្មើសនេះកើតឡើងជាបន្តបន្ទាប់ដែលមិនអាចទប់ស្កាត់ ឬ បង្ក្រាបមិនបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីលោកចោរ គាស់ទម្លុះទម្លាយតូបលក់សម្លៀកបំពាក់នៅផ្សារត្រែង ស្រុករតនមណ្ឌល និង គាស់ហាងលក់ទូរស័ព្ទនៅក្នុងក្រុងបាត់ដំបង ផ្ទូនៗគ្នានេះ គេមិនទាន់ដឹងថា សមត្ថកិច្ចមានតម្រុយខ្លះៗហើយឬយ៉ាងណានោះទេ។

ប៉ុន្តែបើប្រភពពីសមត្ថកិច្ចបានប្រាប់ថា ពេលនេះ លោកស្នងការខេត្ត បានបញ្ជាឱ្យមន្ត្រីការិយាល័យជំនាញ ចុះសហការជាមួយកម្លាំងជំនាញនៅអធិការក្រុង និង ស្រុក ដើម្បីធ្វើការស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង០២ករណីនេះហើយ តែតម្រុយឬគ្មានតម្រុយ នៅមិនទាន់ដឹងទេ៕

ដកស្រង់ពី៖កោះសន្តិភាព