បណ្តាញសង្គម

ឃើញ​វ៉ា​លី​ស​ចម្លែក​ធំ​មួយ​ក្នុង​គំនរ​សំរាម លុះ​បើក​មើល​ស្រាប់តែ​ឃើញ​សព​អាក្រាត​កាយ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាតករវាយស.ម្លា.ប់រួចញាត់ចូលទៅក្នុងវ៉ាលីសពណ៍ខ្មៅមួយយកទៅបោះចោលនៅក្នុងគំនរសម្រាមនៅទីក្រុងកោះពេជ្រ ហើយនៅទីនោះពុំមានអ្នកដឹងនោះឡើយ ក្រោយមកវ៉ាលីសដាក់សាកសពរួមជាមួយសំរាមផ្សេងៗទៀតត្រូវបានរថយន្តដឹកចេញទៅចោលនៅទីលានចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ហើយខណៈពេលដែលកម្មករនៅទីនោះបើកមើលវ៉ាលីស ទើបប្រទះឃើញសាកសពមនុស្សម្នាក់ដែលមានក្លិនស្អុយទៅហើយ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅនៅលើទីលានចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី(តំបន់C)ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពបុរសខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយមានស្នាមរបួសក្បាល ព្រមទាំងមានស្តុតនិងក្រណាត់រុំព័ទ្ធជុំវិញក្បាលថែមទៀត មិនតែប៉ុណ្ណោះសពស្ថិតសភាពអាក្រាតកាយ និងត្រូវបានគេរុំដោយក្រណាត់ភួយច្រកក្នុងវ៉ាលីស។

ទោះជាយ៉ាងណា ហេតុការណ៍នៃការស.ម្លា.ប់នេះពុំដឹងថាកើតឡើងនៅពេលណា និងនៅកន្លែងណាមួយពិតប្រាកដឡើយគ្រាន់តែដឹងថាត្រូវជនមិនស្គាល់មុខបោះចោលនៅក្នុងគំនរសំរាមទីក្រុងកោះពេជ្រនោះតែប៉ុណ្ណោះ។តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង គឺនៅវេលាយប់ខាងលើមានរថយន្តដឹកសំរាម១គ្រឿងរបស់ទីក្រុងកោះពេជ្រ ម៉ាកហ៊ីយ៉ាន់ដាយ ព៌ណប្រផេះ ពាក់ស្លាកលេខភ្នំពញ 3E-4690 ដឹកសំរាមពីទីក្រុងកោះពេជ្រនោះ យកមកចាក់ចោលនៅទីលានចាក់សំរាមក្រុមហ៊ុនស៊ុនទ្រី(តំបន់C )ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លុះពេលចាក់រួចភ្លាម គ្រឿងចក្រ(អាប៊ុល)បានធ្វើឈូសឆាយពង្រាបសំរាមនោះភ្លាមផងដែរ ហើយក៏បានឃើញវ៉ាលីសចម្លែកធំមួយ ខណៈនោះក្រុមកម្មករបាននាំគ្នាលើកនិងបើកមើលស្រាប់តែប្រទះឃើញសាកសពបុរសខាងលើគួរឲ្យភ្ញាក់ផ្អើល។

បន្ទាប់មក ក៏បានរាយការណ៍ជូននគរបាលខណ្ឌដង្កោបានដឹងទាំងយប់ ហើយរហូតដល់វេលាព្រឹកថ្ងៃទី១២ ខែធ្នូ ទើបកម្លាំងនគរបាលការិយាល័យបច្ចេកវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន ជាគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ ហើយធ្វើការស្រាវជ្រាវដើម្បីរកអត្តសញ្ញាណជនរងគ្រោះ ព្រមទាំងរកមុខសញ្ញាឃាតករដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព