បណ្តាញសង្គម

លំនៅ​ដ្ឋា​ន​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ សង្ស័យ​ទុ​ស្សេ​ចរន្តអគ្គិសនី

រាជធានីភ្នំពេញ ៖ លំនៅដ្ឋាន១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតស្ទើរតែទាំងស្រុងរួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផងដែរ ហើយភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង និងមិនបានឆេះរាលដល់ផ្ទះឈើដែលស្ថិតនៅជាប់នោះទៀត។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្ទះខាងលើនោះសង់ពីឈើប្រក់ស័ង្កសី និងមានបន្ទប់ថ្មក្រោម ដែលមានម្ចាស់ឈ្មោះ រឿង អាយុប្រហែល៨០ឆ្នាំ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលលោកយាយម្ចាស់ផ្ទះកំពុងមានជំងឺស្នាក់នៅក្នុងផ្ទះចំណែកឯកូនចៅជាប់រវល់ធ្វើការងារ ស្រាប់តែមានហេតុការណ៍ទុស្សេចរន្តអគ្គិសនីកើតឡើង បង្កជាអណ្ដាតភ្លើងបណ្ដាលឲ្យឆាបឆេះផ្ទះលោកយាយតែម្ដង។

ភ្លាមៗនោះអ្នកជិតខាងឃើញក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល និងបាននាំគ្នាជួយចូលទៅលើកយកលោកយាយចេញក្រៅដោយសុវត្ថិភាព។ប្រភពដដែលបានបន្តថា បន្ទាប់មកបាននាំគ្នាជួយពន្លត់ប៉ុន្តែមិនឈ្នះឡើយដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះទីនោះសម្បូរទៅដោយផ្ទះឈើស្ថិតនៅជាប់ៗគ្នាដឹកបើពន្លត់អត់ទាន់ទេ និងឆេះរាលជាច្រើនខ្នងទៀតមិនខានឡើយ។

ចំណែកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ព្រមទាំងហៅរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់អស់ច្រើនរថយន្ត ទើបរលត់ទៅវិញទាំងស្រុង ប៉ុន្តែផ្ទះនោះរួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ក៏បានរងការខូចខាតស្ទើរតែទាំងស្រុងផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព