បណ្តាញសង្គម

បង្ក្រាបក្រុមញៀនល្បែងជល់មាន់ ចាប់បានម្នាក់ និងមាន់ ២

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តបានចុះល្បាតតាមបណ្ដាស្រុកមួយចំនួន ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ប៉ូលិសបានបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ នៅក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

១វង់នោះ សមត្ថកិច្ច ចាប់ខ្លួនអ្នកលែងជល់មាន់បានតែម្នាក់ប៉ុណ្ណោះ។ អធិការនគរបាលស្រុកពញាក្រែក លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត បានឱ្យដឹងថា ស្របពេលដែលកម្លាំងសមត្ថកិច្ច ចុះមកដល់ចំណុចភូមិពងទឹក បានប្រទះឃើញកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចក្បែរផ្លូវមុខផ្ទះ ភ្លាមនោះ សមត្ថកិច្ចយើងបានចាប់បង្ក្រាប។

ជាលទ្ធផល ឃាត់មនុស្សម្នាក់ ឈ្មោះ យាន ទិត្យ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ (ម្ចាស់មាន់)។ វត្ថុតាងដកហូត រួមមាន លុយចំនួន ១៥០.០០០ រៀល ម៉ូតូចំនួន ០១គ្រឿង ជិញ្ជីងថ្លឹងមាន់ ចំនួន ០១ មាន់ចំនួន ០២ក្បាល កន្ត្រក់ដាក់មាន់ ចំនួន០២។ ក្រៅពីនោះ រត់គេចខ្លួនបាត់អស់។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិសាទរចំពោះសមត្ថកិច្ច។

អធិការស្រុកពញាក្រែក បញ្ជាក់ថា បើសិនជាមានករណីបើកលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ ដែលក្រុមជនខិលខូច តែងតែលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្វែងដានសមត្ថកិច្ច នោះសូមឱ្យពលរដ្ឋ ប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា៕

ដកស្រង់ពី៖កោះសន្តិភាព