បណ្តាញសង្គម

ជិះម៉ូតូរត់គេចពីក្មេងស្ទាវដេញវាយ មិនប្រយ័ត្ន ក៏ជ្រុល​បុក​រថយន្ត របួស ២នាក់

ភ្នំពេញ៖ យុវជន ២នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង រត់គេចពីក្មេងស្ទាវមួយក្រុម ដែលបានដេញវាយ ដោយពួកគេបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសទាំង ២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅមុខស្ថានទូតចិន តាមបណ្ដោយមហាវិថីម៉ៅសេទុង កែងនិងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសនារី ២នាក់ ជិះរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-0624 ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូង ទៅជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបត់ឆ្វេងបំណងឆ្ពោះទៅផ្លូវ១៨៣។

ខណៈពេលដែលបត់ជិតផុតទៅហើយ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1507 ដែលជិះដោយបុរស ២នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅបញ្ច្រាសទិសគ្នា។

រួចក៏ជ្រុលទៅបុករថយន្តពេញទំហឹង ចំថ្ពាល់ខាងមុខចំហៀងខាងឆ្វេង បណ្តាលឲ្យក្រពឹត និងបែកកញ្ចក់ខាងមុខ។ ចំណែកម៉ូតូ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ រងរបួសបាក់ជើងខាងឆ្វេង រីឯម្នាក់ទៀត រងរបួសបាក់ដៃខាងឆ្វេង។ បន្ទាប់មក ក៏មានរថយន្តរបស់គ្លីនិកឯកជន បានមកដឹកយកជនរងគ្រោះទាំងពីរនាក់នោះ ទៅសង្គ្រោះភ្លាមៗតែម្តង។

បុរសម្នាក់ ដែលជាមិត្តភក្ដិជនរងគ្រោះទាំងពីរនាក់ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរជាមួយនឹងជនរងគ្រោះទាំងពីរនាក់ខាងលើ ដោយគាត់ជិះម៉ូតូមួយគ្រឿងផ្សេងតែម្នាក់ឯង រីឯជនរងគ្រោះ បានជិះម៉ូតូឌុបគ្នា ជិះចេញមកពីស្ទឹងមានជ័យ បំណងឆ្ពោះទៅច្បារអំពៅ ខណៈពេលដែលជិះបណ្តើរគ្នាមកដល់ស្តុបផ្សារដើមគ ក៏លេចមុខក្មេងស្ទាវមួយក្រុម មានគ្នា ៥ ទៅ ៦នាក់ ជិះម៉ូតូ ៣គ្រឿង។

បានកាន់ខ្សែក្រវ៉ាត់ បំណងវាយមកលើពួកគេ ទាំងដែលពួកគាត់ មិនធ្លាប់ស្គាល់ក្មេងស្ទាវនោះទាល់តែសោះ។ ភ្លាមៗនោះ ដោយភ័យស្លន់ស្លោខ្លាំងពេក ពួកគាត់ ក៏បានបន្ថែមល្បឿន ជិះរត់គេចពីក្រុមក្មេងស្ទាវទាំងនោះ។ រហូតមកដល់ចំណុចកើតហេតុ ដោយមិនប្រយ័ត្ន ជនរងគ្រោះទាំងពីរនាក់ ក៏បានជ្រុលទៅបុករថយន្តខាងលើតែម្តង។

ចំណែកក្រុមក្មេងស្ទាវ ដែលដេញវាយពួកគាត់ ក៏បានជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព