បណ្តាញសង្គម

មិន​ទាន់​បាន​ធ្វើ​បុណ្យសព​ជន​រង​គ្រោះ​១០០​ថ្ងៃ​ផង ស្រាប់តែ​ដោះ​លែង​ជន​ត្រូវ​ចោទ​បាត់

ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលពេលដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទាំងក្រុមគ្រួសារសពមិនទាន់នឹងបានធ្វើបុណ្យគម្រប់១០០ ថ្ងៃផង។

ករណីនេះ ឪពុកម្ដាយសពជនរងគ្រោះ កំពុងស្រែករកយុត្តិធម៌ ខណៈជនត្រូវចោទជាឃាតកទាំងពីរនាក់ ព្រួតគ្នាវាយសម្លាប់កូនរបស់គាត់ ក្នុងបទល្មើសឧក្រិដ្ឋជាក់ស្ដែង ហេតុអ្វីក៏ចៅក្រមសាលាដំបូង ធ្វើការដោះលែងបែបនេះទៅវិញ។

ប្រភពបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា កន្លងមកសមត្ថកិច្ចជំនាញបានសហការគ្នាឃាត់ខ្លួនជនសង្ស័យជាឃាតកចំនួន ២នាក់ គឺ ទី១-ឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី២-ឈ្មោះ ចេង សុភ័ណ្ឌនរៈ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងដូចគ្នា។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាឃាតកខាងលើ សមត្ថកិច្ចក៏បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។ ប៉ុន្តែអ្វីដែលធ្វើឲ្យឪពុកម្ដាយសពជនរងគ្រោះយំបញ្ចេញទឹកភ្នែកនោះ ត្រង់មិនទាន់បានធ្វើបុណ្យសពកូនគម្រប់ ១០០ថ្ងៃផង បែរជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចដាក់ឲ្យស្ថិតក្នុងការពិនិត្យតាមផ្លូវតុលាការ (ក្រៅឃុំបណ្ដោះអាសន្ន) ក្នុងបទ «ហិង្សាមានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ»។

សូមបញ្ជាក់ថា,លោក អូន យឿន និងភរិយាឈ្មោះ ឈួន សាមៃ ដែលត្រូវជាឪពុកម្ដាយសពជនរងគ្រោះ ឈ្មោះ យាន សំណាង មានទីលំនៅ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ទៅកាន់អ្នកសារព័ត៌មានឲ្យដឹងថា៖ កូនប្រុសរបស់គាត់ត្រូវបានគេព្រួតវាយ សម្លាប់ដូចជាសត្វធាតុនៅលើចិញ្ចើមផ្លូវ។ទីបំផុត ជនដៃដល់ទាំងពីរនាក់សមត្ថកិច្ចក៏ឃាត់ខ្លួនបានបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ចុងក្រោយ លោកស្រីចៅក្រមស៊ើបសួរសាលាដំបូងដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់នោះឲ្យនៅក្រៅឃុំបាត់ទៅហើយ។ ជុំវិញការដោះលែងជនត្រូវចោទជាឃាតកទាំងពីរខាងលើ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោកស្រី អាត សាខន បានឆ្លើយបំភ្លឺតាមប្រព័ន្ធ តេឡេក្រាមក្នុងគ្រុបអ្នកនាំពាក្យថា៖ «ក្នុងនាមនាងខ្ញុំជាអ្នកនាំពាក្យ របស់សាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿងដែល លោកស្រី ទែន សុនីតា ដោះលែងជនសង្ស័យទាំង២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ទៅប្រឡងបាក់ឌុបនៅខែធ្នូ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំទៀតផង ហេតុនេះទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំងពីរនាក់ ក្រោមការត្រួតពិនិត្យដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

ហើយចំពោះការដោះលែងនៅក្រៅឃុំនេះ មិនមានន័យថា ជាការបញ្ចប់រឿងរបស់ជនបង្កឲ្យរួចខ្លួននោះទេ សូមកុំឲ្យមានការយល់ច្រឡំ៕

ដកស្រង់ពី៖កោះសន្តិភាព