បណ្តាញសង្គម

បង្ក្រាបវង់បៀរ ឃាត់បានជាង ២០នាក់ តែមេល្បែង ឡើងឡាន​ទៅបាត់!

រាជធានីភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសង មួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សស្រីប្រុសបានជាង ២០នាក់ ព្រមទាំងដកហូតវត្ថុតាង មានបៀរជាច្រើនហ៊ូ។

ការបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះល្វែងបើកហាងកាហ្វេ តាមផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ។

មេល្បែងនេះ ត្រូវបានគេស្កាល់ថា មានឈ្មោះ សូ សំឡូត ដែលជាមេល្បែងស៊ីសងយ៉ាងធំ នៅក្នុងរាជធានីភ្នំពេញ និងបានផ្លាស់ទី ប្តូរទីតាំងជាច្រើនកន្លែងមកហើយ។នៅក្នុងការបង្ក្រាបនេះ គេឃើញមេល្បែងរួបនោះ បានគេចខ្លួន ឡើងរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង បើកគេចបាត់។

តាមព័ត៌មានអោយដឹងថា មុនពេលកើតហេតុ គេឃើញអ្នកញៀនល្បែង ភាគរច្រើនជាមនុស្សស្រី បាននាំគ្នា ពពាក់ពពួន លេងបៀរ ជាច្រើនវង់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបតែម្តង។

អាជ្ញាធរ បានអោយដឹងថា អ្នកញៀនល្បែងចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងជាច្រើនផងដែរ។ ជនសង្ស័យ រួមទាំងវត្ថតាង ត្រូវបាននគរបាល បញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព