បណ្តាញសង្គម

ជនជាតិ​ចិន​៣​នាក់​ដាក់​កាំភ្លើង​ក្នុង​កាបូប​បម្រុង​ចូល​ច្រៀង​ខារ៉ាអូខេ ត្រូវ​ប៉េ​អឹ​ម​ក្របួច​ជាប់

រាជធានីភ្នំពេញ ៖ ជនជាតិចិនប្រុសស្តី៣នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅតុលាការពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់។

ជនជាតិចិន៣នាក់នោះ១.ឈ្មោះ CHEN MAO DON ឈ្មោះ ហៅ (A TAO)ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៩៧ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។២.ឈ្មោះ YANG XIAO LONG ហៅ (QUI QUI)ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅខុនដូ ស្តារស៊ីធី ជាន់ទី៣ បន្ទប់៣១៣ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និង៣.ឈ្មោះ ZHANG WEN LI ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូជាមួយឈ្មោះ(QUI QUI)។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចម្ការមន បានទទួលព័ត៌មានពីសន្តិសុខបម្រើការងារនៅខារ៉ាអូខេ ផ្លាហ្សាបឹងត្របែក ដែលមានទីតាំងស្ថិតផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក បានរាយការណ៍ថា មានជនជាតិចិនប្រុសស្រីចំនួន៣នាក់ បានទៅរកបន្ទប់ច្រៀងខារ៉ាអូខេនៅទីនោះ។

ពួកគេបានចតរថយន្តជិតខ្លោងទ្វារខារ៉ាអូខេ រួចបានចុះពីរថយន្តបម្រុងដើរចូលទៅក្នុងបន្ទប់រកកន្លែងច្រៀង ពេលនោះស្ត្រីម្នាក់ក្នុងចំណោមប្រុស២នាក់ មានស្ពាយកាបូបពណ៌ខ្មៅមួយជាប់នឹងខ្លួន។

ឃើញដូច្នោះក្រុមសន្តិសុខយាមខារ៉ាអូខេបានឃាត់ភ្លាម ហើយសុំពួកគេត្រួតពិនិត្យកាបូបនោះ ស្រាប់តែឃើញអាវុធវែង១ដើមមិនស្គាល់ម៉ាក ខណៈនោះជនជាតិចិនម្នាក់មាឌធំ បានស្ទុះទៅរារាំក្រុមសន្តិសុខមិនឲ្យឆែកឆេរ ហើយបានព្យាយាមយកអាវុធចូលទៅក្នុងបន្ទប់ខារ៉ាអូខេ។

ដោយឃើញទង្វើជនជាតិចិនមានអាវុធវែងដាក់ក្នុងកាបូប ចូលច្រៀងខារ៉ាអូខេដូច្នោះក្រុមសន្តិសុខ បានទូរស័ព្ទរាយការណ៍ទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចំការមនជាបន្ទាន់ មិនយូរប៉ុន្មានកម្លាំងកងរាជអាវុធហត្ថបានចុះទៅដល់ ហើយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៣នាក់ រួមទាំងដកហូតអាវុធវែង១ដើមម៉ាកM១៦ បង់២ គ្រាប់ចំនួន៥៤ គ្រាប់នឹងរថយន្ត១គ្រឿង ម៉ាក Toyota Aiphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BN-១១៨៩ រួចបាននាំជនជាតិចិន៣នាក់ និងវត្ថុតាងអាវុធវែងមួយដើមទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងបានបញ្ជូនបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបង្ហើបឲ្យដឹងថា ដំបូងវេលាម៉ោងប្រហែល៨យប់ថ្ងៃទី១៣ ខែធ្នូ A TAO នឹងមិត្តភក្តិមួយក្រុម មានឈ្មោះ A TU បានទៅផឹកស៊ីនៅហាងចិនមួយ ក្បែរផ្សារតនាផ្លាហ្សា លុះម៉ោងប្រមាណ៩កន្លះ A TU បានចេញទៅមុន ហើយ A TAO បានទូរស័ព្ទហៅ ឈ្មោះ QUI QUI មកផឹកជាមួយ លុះបន្តិចក្រោយមកមានមិត្តភក្តិឈ្មោះ QUI QUI មួយក្រុមទៀតបានជិះម៉ូតូកង់បីមកផឹកស៊ីដែរ ស្រាប់តែប្រហែល១៥ នាទី A TU បានផ្ញើសារតាមទូរស័ព្ទមក A TAO ដោយប្រាប់ថា មានគេចង់ធ្វើបាបវា(A TU)នៅក្នុងខារ៉ាអូខេផ្លាហ្សាបឹងត្របែក។

គ្រាន់តែឮដូច្នោះ A TAO បាននាំឈ្មោះ QUI QUI ស្ត្រីម្នាក់ឡើងជិះរថយន្តទៅផ្ទះ ដើម្បីយកកាំភ្លើងវែងមួយដើមម៉ាកM១៦ ប្រភេទទំនើប និងគ្រាប់២បង់ មាន៥៤គ្រាប់ ដែលជាកាំភ្លើងរបស់ថៅខ្លួន ហើយសំដៅមកកាន់ហាងខារ៉ាអូខេផ្លាហ្សាបឹងត្របែកនោះ ។

នៅពេលទៅដល់ហាងA TAO បានឲ្យស្ត្រីឈ្មោះ ZHANG WEN LI កាន់កាបូបដាក់កាំភ្លើង ហើយគេបានដើរចូលក្នុងហាង តែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធពីបទ.កាន់កាប់អាវុធខុសច្បាប់។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព