បណ្តាញសង្គម

កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​មនុស្ស​៣​នាក់​ជាមួយ​ថ្នាំ​ញៀន​សន្ធឹកសន្ធាប់

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក9)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀនក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឆ្មក់ង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ករណីបង្ក្រាបនេះសមត្ថកិច្ចធ្វើឡើង២ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់រួមមាន៖ ១-ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ហុង ម៉េងសឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ សេង ដាលីសិទ្ធ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែតដោយឆែកឆេររកឃើញ វត្ថុតាងដូចជា៖ កញ្ចប់ទី១ឃើញមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៦ថង់ ក្នុងនោះម្សៅម៉ត់៣ថង់ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៧ថង់តូច ថ្នាំទឹកកេតាមីន៣០ដប ថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀន២០ថង់ ថ្នាំគ្រាប់សង្ស័យថាអ៊ិចស្តាស៊ីចំនួន៤ថង់ សម្បកថង់ប្លាស្ទិកចំនួន១ដុំ។

កញ្ចប់ទី២ឃើញមាន៖ កញ្ចប់KuKu Bima ចំនួន៤ថង់ កញ្ចប់ថ្នាំExtra Toes ចំនួន២ថង់ កញ្ចប់Cruava Fruit ចំនួន៨កញ្ចប់ កញ្ចប់ថ្នាំTang ចំនួន៩កញ្ចប់ កញ្ចប់ថ្នាំHappy Fruit ចំនួន២កញ្ចប់ កញ្ចប់ថ្នាំSundayចំនួន៣កញ្ចប់។

ទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត។ ទីតាំងទី២នេះសមត្ថកិច្ចឆែកឆេររកឃើញ ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀន(អ៊ិចស្តាស៊ី)ចំនួន៥២ថង់ ក្នុងនោះមានពណ៌ផ្កាឈូកចំនួន២៤ថង់, ពណ៌ត្រួយចេកចំនួ១៤ថង់ ពណ៌ផ្ទៃមេឃចំនួន៤ថង់, ពណ៌ក្រហមចំនួន២ ថង់, ពណ៌ទឹកក្រូច ចំនួន១ថង់, ពណ៌លឿងចំនួន១ថង់, ពណ៌ប្រផេះចំនួន១ថង់, និងចម្រុះពណ៌ចំនួន៣ថង់។

ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៦ថង់ ម្សៅសដុំសង្ស័យសារធាតុញៀន(ហេរូអ៊ីន)ចំនួន២ថង់ ម្សៅក្រាមដុំពណ៌ត្នោតសង្ស័យសារធាតុញៀនចំនួន២ថង់ ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀនចំនួន១៧ថង់ ថ្នាំគ្រាប់FiFi ចំនួន៧បន្ទះ ម្សៅក្រាមពណ៌ខ្មៅចំនួន៣ថង់ កញ្ចប់សមានរូបកូនក្រមុំចំនួន១១ថង់ កញ្ចប់Happy Fruit ១០កញ្ចប់ កញ្ចប់Grape Fruit ១កញ្ចប់ កញ្ចប់Corn Fruit ៣កញ្ចប់ កាំភ្លើងខ្លីម៉ាកSig Sauer ១ដើម មានបង់២ និងគ្រាប់ចំនួន៦គ្រាប់,ថ្នាំទឹកសញ្ញាក្បាលខ្មោចពណ៌ខ្មៅចំនួន២ដប ថ្នាំទឹកVorahkt ចំនួន៦ដប កញ្ចប់រូបផ្សិតខ្មៅ៦កញ្ចប់ ថ្នាំទឹកមានអក្សរចិនចំនួន២ដប កញ្ចប់Ecapy ៧កញ្ចប់ ថ្នាំទឹកឡាំបូគីនី១កញ្ចប់ កូនជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ព្រមទាំងសម្បកថង់១ដុំ។

ជនសង្ស័យទាំងបីនាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ប្រគល់ជូនការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព