បណ្តាញសង្គម

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ​សុខៗ វិលមុខដួល បែកមុខ​បែកមាត់ លើស្ពានច្បារអំពៅ

រាជធានីភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បែកមុខបែកមាត់ ហូរឈាម រងរបួសជាទម្ងន់ ខណៈដែលកំពុងតែជិះម៉ូតូ ម៉ាកហុងដា C125 មួយគ្រឿងឆ្លងស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ក៏ស្រាប់តែមានអាការៈងងឹតមុខ ដួល។ អ្នកដំណើរតាមផ្លូវ នាំគ្នាជួយលើក និងធ្វើចលនាសង្គ្រោះ កាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

មុនពេលកើតហេតុ បុរសវ័យចំណាស់រងគ្រោះ បានជិះម៉ូតូ ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-2129 ជិះតែម្នាក់ឯង ក្នុងទិសដៅ ពីកើតទៅលិច ក្នុងបំណងឆ្លងស្ពានព្រះមុនីវង្សចាស់។

លុះមកដល់ផុតពាក់កណ្តាលស្ពានបានបន្តិច ក៏ស្រាប់តែរូបគាត់ មានអាការៈងងឹតមុខ និងដួល បោកផ្ទុបទៅលើផ្លូវ បណ្តាលអោយបែកមុខបែកមាត់ ហូរឈាម រងរបួសជាទម្ងន់តែម្តង។

បន្ទាប់ពីអ្នកដំណើរជួយលើកបុរសរងគ្រោះហើយ កម្លាំងមានសមត្ថកិច្ច ប្រចាំការនៅក្បែរស្ពាន បានមកដល់ និងអន្តរាគមន៍ បញ្ជូនបុរសរងគ្រោះ តាមម៉ូតូរ៉ឺម៉កកង់បី ទៅកាន់មន្ទីរពេទ្យ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានប៉ូលិស យកទៅរក្សាទុក និងស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះ៕

ដកស្រង់ពី៖កោះសន្តិភាព