បណ្តាញសង្គម

បញ្ជូន​ខ្លួន​បណ្តាញ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ ពាក់​ពន្ធ​ជាមួយ​ឈ្មួញ​ជនជាតិ​ថៃ

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ដែលសមត្ថកិច្ចជំនាញសហការចាប់ខ្លួននៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ គឺជាបណ្តាញរបស់ឈ្មួញជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃមុននេះ ពាក់ព័ន្ធករណីនាំថ្នាំញៀនប្រមាណ៥០គីឡូក្រាមឆ្លងដែនចូលមកកម្ពជា ហើយត្រូវកម្លាំងមានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ។ជនសង្ស័យ៣នាក់នោះ ១.ឈ្មោះ សេង ដាលីនសិដ្ឋ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ) ២.ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និង៣.ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ។

ទាក់ទិនករណីខាងលើនេះលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេតលើករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃចូលមកកម្ពុជាឈានទៅដល់ការចាប់ខ្លួនបណ្តាញជួញដូរគ្រឿងញៀនចំនួន៣នាក់ និងរឹបអូសគ្រឿងញៀនជិត១០គីឡូក្រាមបន្ថែមទៀតនៅក្រុងប៉ោយប៉ែត។

នេះក៏ដោយសារការអនុវត្តតាមបទបញ្ជាពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនផងដែរ។ លទ្ធផលនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២ និង៤០នាទីទៀបភ្លឺ កម្លាំងជំនាញការិយាល័យទី៩ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ដុស វណ្ណា សុវឌ្ឍនៈ ជានាយការិយាល័យព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជានៅចំណុចក្បែរវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្នុងនោះចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុរៈឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅនឹង ភេទប្រុស អាយុ៣៧ ឆ្នាំ ជាជនជាតិថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ១៥៧៩៩ ៥៤៣២៨ ៩៣២។

ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ស្មើទម្ងន់ប្រមាណ៥០គីឡូ និង៨០,២៤ ក្រាម រថយន្តធុន LEXUS ៤៧០ ពណ៌ទឹកមាស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។

បន្ទាប់ពីចាប់ខ្លួនជនជាតិថៃម្នាក់នោះ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេតដោយស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធថែមទៀត។

លុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៧ និង១៥នាទីយប់ កម្លាំងជំនាញ(ក៩)បានសហការជាមួយនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឈានទៅបង្ក្រាបបានបណ្តាញខ្សែរយៈជនជាតិថៃម្នាក់នោះ នៅចំណុចតាមបណ្តោយផ្លូវជិតផ្សារអគ្គ មុខបេនឡានក្រុង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ដូចបានរៀបរាបឈ្មោះខាងលើ នឹងចាប់យកវត្ថតាង សារធាតុញៀនសរុបទម្ងន់៨ គីឡូ ៧១៥,៦៧ ក្រាម ១.មេតំហ្វេតាមីន(ICE) ៥៦៨៥,៧២ ក្រាម, ២.មេតំហ្វតាមីន(WY) ៣៨៤,៨៧ ក្រាម, ៣.ហេរ៉ូអ៊ីន ៣២២,៣៨ ក្រាម, ៤.អ៊ិចស្តាស៊ី ១៦៣៥,១៥ ក្រាម, ៥.កេតាមីន ៦៧២,៩៧ ក្រាម, ៦.នីមេតាហ្សេប៉ាម ១៤,៥៨ ក្រាម, ដោយឡែកសារធាតុមិនច្បាស់លាស់ ៩០២៨,៦៣ ក្រាម អាវុធខ្លី១ ដើម ម៉ាក Glock។ ក្រោយពីឃាត់ខ្លួន និងដកហូតវត្ថុតាងដូចខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យទាំង៣នាក់ដែលជាបណ្តាញជនជាតិថៃនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព