បណ្តាញសង្គម

គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានគូស្នេហ៍មួយគូស្រីស្រឡាញ់ភេទស្រីដូចគ្នា ហើយមានទំនាស់នឹងគ្នា ស្ត្រីម្នាក់បានយករថយន្តមួយគ្រឿងជិះគេចខ្លួនពីខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចសហការតាមមកចាប់ខ្លួនដល់ខេត្តកណ្តាល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានស្នើសុំកិច្ចអន្តរាគមន៍ពីលោកឧត្តសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីសហការស្រាវជ្រាវបន្ទាន់ស្វែងរកចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោករថយន្ត។ជនសង្ស័យមានឈ្មោះ នៅ សុខឡេង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ (មានភាគហ៊ុនទូរហ្គែមបាញ់ត្រីនៅខេត្តប៉ៃលិន) អាសយដ្ឋានស្នាក់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយមានកិច្ចសហការវេលាម៉ោង៩ព្រឹកថ្ងៃដដែល នគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការឃាត់ខ្លួនស្ត្រីរូបនោះ និងរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2-B6106, ប័ណ្ណសម្គាល់យានយន្តរបស់ឈ្មោះ រស់ សាកូណា ១សន្លឹក. លិខិតឆ្លងដែនរបស់ឈ្មោះ នៅ សុខឡេង ១ក្បាល, សំបុត្របញ្ជាក់កំណើតរបស់ឈ្មោះ នៅ សុខឡេង ១ច្បាប់, ទូរស័ព្ទម៉ាកIphone X មួយគ្រឿង,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក(ហ្វូតូ),ដំណើររឿងករណីខាងលើនេះត្រូវបានគេដឹងថា អស់រយៈ៨ឆ្នាំមកហើយ ឈ្មោះ នៅ សុខឡេង ភេទស្រី បានស្រឡាញ់នារីដូចគ្នា គឺស្រឡាញ់នារី ឈ្មោះ រស់ សាកូណា ភេទស្រី និងបានទៅរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ នៅឯភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងរហូតមក។

លុះនៅក្នុងឆ្នាំ២០១៨ ឈ្មោះ នៅ សុខឡេង បានទិញរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX-330 ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2-B6106 នៅឯភ្នំពេញ និងបានដាក់ឈ្មោះ កម្មសិទ្ធិ រស់ សាកូណា ភេទស្រី ដើម្បីយកមកប្រើប្រាស់ជាមួយគ្នានៅខេត្តបាត់ដំបងនោះ។

ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់ ឈ្មោះ នៅ សុខឡេង និងឈ្មោះ រស់ សាកូណា មានទំនាស់ជាមួយគ្នា រួចឈ្មោះ នៅ សុខឡេង បានជិះរថយន្តនោះត្រឡប់មកស្រុកកំណើតនៅភូមិ.ឃុំ ព្រែកលួង វិញ។

ដូច្នោះទើបឈ្មោះ រស់ សាកូណា បានប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរកឃាត់ខ្លួនឈ្មោះ នៅ សុខឡេង ក្រោមការចោទប្រកាន់ពីបទ.ឆបោក ប៉ុន្តែករណីនេះផ្តើមចេញពីគូស្នេហ៍មានជម្លោះគ្នានោះទេ។ ក្រោយពេលឃាត់ខ្លួនស្ត្រីរូបនោះ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព