បណ្តាញសង្គម

ប៉ូលិសចរាចរណ៍ បើកឡាន​ទាំងស្រវឹង បុកបង្គោលភ្លើងស្តុប ទាំងកណ្តាលអាធ្រាត្រ

រាជធានីភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលចរាចរណ៍ បានបើករថយន្ត ក្នុងស្ថានភាពស្រវឹង លឿនដូចហោះ មកដល់ផ្លូវកោង មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងបង្គោលភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ នឹង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧៣ កែងផ្លូវ២៨៩ នៅចំណុចអង់តែនទួលគោក ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលចរាចរណ៍ ផ្នែកសណ្តាប់ធ្នាប់ បានបើករថយន្តមួយគ្រឿង ម៉ាកវីហ្គូល ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AA-4999 បើកបរតាមបណ្តោយផ្លូវ២៧៣ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយល្បឿនលឿន មកដល់ផ្លូវកោង អត់បន្ថយល្បឿន ធ្វើអោយទាញចង្កូតមិនទាន់ ក៏ជ្រុលទៅបុកចំបង្គោលភ្លើងស្តុបពេញទំហឹង បណ្តាលអោយក្រពិតបង្គោលភ្លើងស្តុប និងខូចរថយន្តអស់មួយកំណាត់ខាងមុខ បែកកង់មុខជំហៀងខាងស្តាំ ទៅមុខលែងរួច។

ភ្លាមៗនោះ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ តែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីអោយសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព