បណ្តាញសង្គម

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​តាម​ដង​ទន្លេ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជនជាតិវៀតណាម ជាមុខសញ្ញាចែកចាយគ្រឿងញៀនតាមដងទន្លេ២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំងផងនោះ កម្លាំងសមត្ថកិច្ចជំនាញ បានពួនស្ទាក់ និងចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្មក្នុងក្រុងកំពង់ឆ្នាំង និងតាមបណ្ដាស្រុកមួយចំនួនទៀតនៅតាមដងទន្លេ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតថ្នាំញៀន ២កញ្ចប់ធំ កាណូតបាឡាស្មាច់ ប្រើម៉ាស៊ីនរថយន្ត មួយគ្រឿង ឧបករណ៍ឆក់ត្រីត្រជាក់មួយគ្រឿង និងឧបករណ៍ចែកចាយគ្រឿងញៀនមួយចំនួនទៀត មានដូចជាជញ្ជីងថ្លឹង ថង់សម្រាប់វេចខ្ចប់បំពង់បឺត។

ជនសង្ស័យទាំងពីរនាក់មាន ១-ឈ្មោះ ប៊ុយ យ៉ាំងសា អាយុ ២២ឆ្នាំ និង ២-ឈ្មោះ ចាង ប៊ុនថាំង អាយុ ៣០ឆ្នាំ ទាំង២នាក់ ជាជនជាតិវៀតណាម មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២នាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព