បណ្តាញសង្គម

រថយន្ត ដឹកទំនិញធុនធ្ងន់ បើក​ឡើង​ខឿន ក្រឡាប់កៀររ៉ឺម៉កម៉ូតូ របួស ៩នាក់

រាជធានីភ្នំពេញ៖ រថយន្ត ដឹកសំបកកង់រថយន្តធុនធ្ងន់មួយគ្រឿង បានរ៉េចង្កូត ឡើងខឿនសួនច្បារខណ្ឌចែកទ្រូវផ្លូវ ហើយទាញចង្កូតក្រឡាប់ កៀររ៉ឺម៉កម៉ូតូមួយគ្រឿង បណ្តាលអោយធ្លាក់ផ្លូវ រងរបួសធ្ងន់ស្រាលចំនួន ៩នាក់។

សំកង់ឡាន បានខ្ទេចចេញពីក្នុងទ្រុង រមៀលធ្លាក់ ក្នុងទឹកស្រះចិញ្ចឹមត្រី។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៦ និង ៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្ត ដែលក្រឡាប់នោះ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8190 បើកបរដោយឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរជាមួយព្រូឈ្មោះ ចក់ សម្ភស្ស ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡឹង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរបួសស្រាល។

ចំណែករ៉ឺម៉កម៉ូតូ បើកបរដោយឈ្មោះ ទិ ទុំ ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានរបួសស្រាល និងរួមដំណើរសុទ្ធតែកម្មករ ចំនួន ៦នាក់ បានរងរបួសធ្ងន់ទាំងអស់។ សាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធ្ងន់ខាងលើ បានធ្វើដំណើរតាមផ្លូវលេខ ៥ ក្នុងទិសដីពីជើងទៅត្បូងក្នុងល្បឿន។

នៅពេលមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីទេ ដែលគេសង្ស័យថា អ្នកបើកបរងោក ក៏បានរ៉េចង្កូតទៅឆ្វេងដៃ ឡើងខឿនសួនច្បារខណ្ឌចែកទ្រូងផ្លូវ។ ភ្លាមៗអ្នកបើកបរ ក៏បានទាញចង្កូតមកស្តាំដៃវិញ បណ្តាលអោយក្រឡាប់ បង្កអោយអ្នកបើកបរ និងព្រូ បានរងរបួស ហើយសំបកកង់រថយន្ត ក៏បានខ្ទេចចេញរមៀលធ្លាក់ទឹក។

ប្រភពព័ត៌មានអោយដឹងទៀតថា នៅក្នុងហេតុការណ៍ រថយន្តក្រឡាប់នោះ ក៏បានកៀររ៉ឺម៉កម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលអោយធ្លាក់ផ្លូវជាតិ បង្កអោយកម្មករសំណង់ចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល។ នគរបាលអោយដឹងងថា គ្រោះថ្នាក់នេះ បណ្តាលអោយរថយន្ត និងរ៉ឺម៉កម៉ូតូ បានរងការខូចខាតធ្ងន់ ហើយមនុស្ស បានរងរបួសធ្ងន់ស្រាលចំនួន ៩នាក់។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ ក្រុមហ៊ុនក៏បានហៅរថយន្ត មកសេងសំបកកង់រថយន្ត និងហៅរថយន្តមកស្ទួចឡានក្រឡាប់នោះ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលដ្ឋាន រាជធានីភ្នំពេញ ដើម្បីដោះស្រាយ ចេញសងថ្លៃព្យាបាល និងការខូចខាត៕

ដកស្រង់ពី៖កោះសន្តិភាព