បណ្តាញសង្គម

ដុតបំផ្លាញ​ម៉ូតូ​ខ្លួនឯងចោលមួយ​លេង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេដឹងថា មានមុខរបរជាអ្នកស៊ីឈ្នូលដើរបេះដូងឲ្យគេ ទំនងបែកថ្នាំដល់កំរិត បានដុតម៉ូតូកញ្ចាស់របស់ខ្លួនចោល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ធ្នូ នៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលធ្វើឲ្យអ្នកភូមិនិងសមត្ថកិច្ចមានការភ្ញាក់ផ្អើលទាំងព្រឹក។

បុរសនោះឈ្មោះ វណ្ណ សុភ័ណ្ណ អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នូលឡើងបេះដូងឲ្យគេ។ ប៉ុន្តែស្រាប់តែសុខៗ បុរសនេះបានអូសម៉ូតូកញ្ចាស់របស់ខ្លួនទៅដុតចោលនៅចន្លោះផ្ទះអ្នកភូមិ ធ្វើឲ្យម្ចាស់ផ្ទះជិតខាងភ័យស្លន់ស្លោរ ព្រោះខ្លាចអណ្ដាតភ្លើងឆ្លងរាលដាល។ សូមបញ្ជាក់ថា កន្លងទៅ គេតែងឃើញបុរសនេះ ជិះម៉ូតូកញ្ចាស់របស់ខ្លួនដែលដុតចោលនេះ ដែលមានសណ្ដោងរ៉ឺម៉ក និង មានកាំបិត រួមទាំងខ្សែសម្រាប់ចងយោងដូងមួយបាច់ផង បានធ្វើដំណើរពាសពេញក្រុងបាត់ដំបង ដើម្បីស្វែងរកអតិថិជនដែលចង់ជួលរូបគេឲ្យឡើងបេះដូង។

ប៉ុន្តែគេសង្កេតឃើញជននេះ ហាក់មានសតិមិនប្រក្រតីទេ ដែលគេសង្ស័យជាអ្នកប្រើប្រាសថ្នាំញៀនផង តែពេលនេះស្រាប់តែដុតម៉ូតូអូសរ៉ឺម៉កនោះចោល។លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ជនឈ្មោះ វណ្ណ សុភ័ណ្ណ នេះបានដុតម៉ូតូខ្លួនឯងចោល ធ្វើឲ្យអ្នកភូមិភ័យស្លន់ស្លោរ ព្រោះខ្លាចឆេះរាលដាល។

ក្រោយពីដុតបង្កជាអណ្ដាតភ្លើងសន្ធោរសន្ធៅ ជននេះបានគេចទៅសម្ងំដេកលើផ្ទះធ្វើព្រងើយ ខណៈអ្នកភូមិ និង សមត្ថកិច្ចបានព្យាយាមជះទឹកពន្លត់។លោកអធិការបានបញ្ជាក់ថា មន្ត្រីមូលដ្ឋានបានចុះទៅសួរនាំជននេះ តែមិនបានព័ត៏មានលំអិតទេ ព្រោះជននេះកំពុងសម្ងំនៅលើផ្ទះ ហើយបើតាមមើលស្ថានភាពជាក់ ស្ដែង ជននេះកំពូងបែកថ្នាំដល់កំរិត ដែលសមត្ថកិច្ចមិនអាចហៅមកសាកសួរបានឡើយ ។

ប៉ុន្តែនេះយើងទុកឲ្យជននេះសម្ងំដេកសិន ក្រោមការគ្រប់គ្រងរបស់ម្ដាយ។ ព្រោះបើហៅមកសួរនាំ ក្រែងមានបញ្ហាកើតឡើង ដោយសារតែឃើញជននេះមានចរិតដូចកំរោលចូល៕

ដកស្រង់ពី៖កោះសន្តិភាព