បណ្តាញសង្គម

​មិនយកទោសពៃរ៍លើ​អ្នកបំផ្លាញ​សមិទ្ធផល​ក្នុងវត្តទេ​ហើយថែម​ទាំង​​​​សង្គ្រោះ​​គាត់​​​ថែម​

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមិនបានចាត់វិធានការចំពោះជនម្នាក់ដែលបានវាយកម្ទេចសមិទ្ធផលនានា នៅក្នុងវត្តចំនួន០២ នៅក្នុងស្រុកសំពៅលូន កាលពីម្សិលមិញនោះទេ ដោយយោងលើអំណះអំណាងរបស់ម្ដាយ និងឯកសារគ្រូពេទ្យថា ជននោះកើតរោគសរសៃប្រសាទ ហើយត្រូវបានលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញា អនុញ្ញាតឲ្យអាណាព្យាបាលយកជននេះទៅព្យាបាលនៅភ្នំពេញទៀតផង។ អធិការនគរបាលស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ធ្នូ ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តចំនួន០២ ក្នុងថ្ងៃតែមួយ តែពេលកើតហេតុផ្សេងគ្នា ។

លោកអធិការបានប្រាប់ថា វត្តដែលត្រូវជនឡប់សតិវាយបំផ្លាញសមិទ្ធិផលនានានោះ មាន «វត្តសុវណ្ណគីរីតាស្ដា» ស្ថិតក្នុងភូមិតាស្ដា ឃុំតាស្ដា ត្រូវជនសតិមិនគ្រប់នោះវាយបំភ្លេចបំផ្លាញនៅវេលាទៀបភ្លឺ ថ្ងៃទី២៣ ធ្នូ រីឯ«វត្តអូរជុំឧត្តមសាមគ្គី» ស្ថិតនៅភូមិអូរ ឃុំសន្តិភាព ត្រូវជននេះវាយបំផ្លាញនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ដដែល ។

លោកពេជ្រ សារ៉ែន បាននិយាយថា ដំបូងជននេះ បានវាយបំភ្លេចបំបំផ្លាញសមិទ្ធិផលនៅក្នុង «វត្តសុវណ្ណគិរីតាស្ដា» លុះថ្ងៃរះភ្លឺច្បាស់ ជននេះបានទៅវាយកម្ទេចសមិទ្ធិផលនានា នៅក្នុង«វត្តអូរជុំឧត្តមសាមគ្គី» ទៀត ដែលធ្វើឲ្យរូបសំណាក ឬ រូបចម្លាក់ និង សមិទ្ធិផលជាច្រើនទៀត នៅក្នុងវត្តទាំង០២ រងការខូចខាតយ៉ាងដំណំ។

លោកអធិការ បានបញ្ជាក់ថា ក្រោយកើតហេតុ និង ក្រោយទទូលបណ្ដឹងពីព្រះសង្ឃទាំង០២វត្ត កម្លាំងរបស់លោកបានចុះអន្តរាគមន៏និងបានឃាត់ខ្លួន ជនដៃដល់ភ្លាមៗដែរ។ ជននោះឈ្មោះ យួស តុលា ប្រុសអាយុ២៩ឆ្នាំ ហើយម្ដាយជននេះអះអាងថា កូនប្រុសគាត់កើតរោគសសៃប្រសាត ដោយមានលិខិត្របញ្ជាក់ពីគ្រូពេទ្យទៀតផង។

នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងវត្តនីមួយៗ ដែលត្រូវជនឡប់សតិម្នាក់នេះវាយបំផ្លាញ រួមមានដូចជា រូបសំណាក ឬ រូបចម្លាក់នានានៅក្នុងបរិវេណវត្ត រូបចម្លាក់នានានៅជុំវិញខឿនព្រះវិហារ គាស់បំផ្លាញឥដ្ឋការ៉ូនៅក្នុងខឿនព្រះវិហារ វាយកម្ទេចព្រះកេសបដិមាករ រូបចម្លាក់ក្បាលនាគ រូបចម្លាក់នាងទេពប្រណម កាប់បំផ្លាញដើមឈើឬ ដើមផ្កានៅក្នុងបរិវេណវត្ត រួមទាំងសមិទ្ធិផល ជាច្រើនទៀតដែលត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។

សាក្សីនានា ក៏បាននិយាយដែរថា សកម្មភាពដ៏កំរោលរបស់ជនឡប់សតិនោះ បានធ្វើឲ្យផ្អើលព្រះសង្ឃពេញវត្ត រហូតឈានដល់ការប្រកាសអាន្នសុំជំនួយពីសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាប់ខ្លួនជនដៃដល់សតិមិនគ្រប់នេះ។

ពាក់ព័ន្ធនឹងទង្វើរបស់ឈ្មោះ យួស តុលា នេះ បើតាមម្ដាយជននេះ បានបញ្ជាក់ពីរោគសញ្ញារបស់កូនប្រាប់សមត្ថកិច្ចថា កូនរបស់គាត់កើតរោគសសៃប្រសាតនេះមានរយៈពេលជាង១០ឆ្នាំហើយ។

សមត្ថកិច្ចបានស្រង់សំដីម្ដាយជននេះទៀតថា កាលពីអាយុជាង១០ឆ្នាំ កូនគាត់ត្រូវផ្លែដូងធ្លាក់ចំក្បាលរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមង្គលបូរី។ ចាប់តាំងពីពេលនោះមកកូនប្រុសគាត់មានសតិមិនប្រក្រតីរហូតដល់សព្វថ្ងៃនេះ ហើយថែមទាំងមានលិខិត្របញ្ជាក់ជំងឺនេះពីគ្រួពេទ្យទៀតផង។

លោក ពេជ្រ សារ៉ែន បាននិយាយថា ជនដៃដល់ឈ្មោះ យួស តុលា ត្រូវកម្លាំងរបស់លោកចុះទៅឃាត់ខ្លួនភ្លាមៗ ពេលជននេះកំពុងវាយបំភ្លេចបំផ្លាញសមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណគិរីតាស្ដា ខណៈព្រះសង្ឃកំពុងផ្អើលឆ្លេឆ្លាផ្អើលពេញវត្ត។

ជាមួយនឹងការឃាត់ខ្លួន និង ពេលសួរនាំអំពីមូលហេតុ នៃការវាយកម្ទេចសមិទ្ធិផលនៅក្នុងវត្តទាំង០២ខាងលើនេះ ជនឡប់សតិរូបនេះ បានឆ្លើយយ៉ាងខ្លីបែបមនុស្សឡប់សតិថា មូលហេតុដែលខ្លួនវាយកម្ទេចរបស់របរនៅក្នុងវត្ត ដោយសារខ្លួនឃើញសុទ្ធតែខ្មោច និង បិសាច។

លោក ពេជ្រ សារ៉ែន ក៏បានទទូលស្គាល់ដែរចំពោះរោគសញ្ញាជនដៃដល់ថា ពិតជាកើតរោគសសៃប្រសាតមែន បើតាមម្ដាយរបស់ជននេះដែលបានរៀបរាប់ និង បង្ហាញឯសារបញ្ជាក់ពីគ្រូពេទ្យ។ យោងលើការអះអាងពីម្ដាយ និង លិខិត្រគ្រូពេទ្យ ដែលបានបញ្ជាក់ពីរោគសញ្ញាជននេះ លោកស្នងការខេត្ត ក៏ដូចលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មិនបានឲ្យសមត្ថកិច្ចចាត់ការជននេះតាមច្បាប់ទេ។

ប៉ុន្តែលោកព្រះរាជអាជ្ញាបានអនុញាតឲ្យម្ដាយជននេះ នាំកូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ កម្លាំងអធិការរបស់លោកបានរៃអង្គាសប្រាក់បានចំនួន៥០ម៉ឺនរៀល ដើម្បីជួនគ្រួសារនេះធ្វើដំណើរទៅភ្នំពេញទៀតផង ព្រោះគាត់គ្មានលុយធ្វើសោហ៊ុយទេ។

បើទោះជាមានដំណោះយ៉ាងនេះក្ដី ប៉ុន្តែអ្វីដែលត្រូវប្រឈមមុខ និងត្រូវរកដំណោះស្រាយ គឺការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវសមិទ្ធិផលនានា នៅក្នុងវត្តទាំង០២ខាងលើនេះ។

តើអាជ្ញាធរ និងគណៈកម្មការវត្តទាំង០២ ត្រូវដោះស្រាយបែបណា ? ដូច្នេះ អាជ្ញាធរ ឬក្រុមគណៈកម្មការវត្តទាំង០២ មានតែអំពាវនាវរកជំនួយពីសប្បុរសជននានា ឬ សុំជំនួយពីថ្នាក់ដឹកនាំទេ ដើម្បីកសាងសមិទ្ធិផលនៅក្នុងវត្តទាំងនោះឡើង វិញ៕

ដកស្រង់ពី៖កោះសន្តិភាព