បណ្តាញសង្គម

​រំជួលណាស់​​ជម្លោះ​ហិង្សារឿងដីធ្លី​ប៉ុន្មាន​​ថ្ងៃនេះ រាលដាលដល់ស្រុក​ស្ទឹង​ម្តង​

ខេត្តព្រះសីហនុ ៖ការរំជើបរំជួលពីជម្លោះដីធ្លីប៉ុន្មានថ្ងៃមុននៅស្រុកព្រៃនប់ រហូតមានផ្ទុះហិង្សា បន្ទាប់ពីមានការផ្ទុះអាវុធគំរាមរហូតចាប់ខ្លួនពលរដ្ឋ៨នាក់បញ្ជូនទៅតុលាការមិនទាន់ដឹងស-ខ្មៅផង ស្រាប់តែពេលនេះ រាលដាលដល់ស្រុកស្ទឹងហាវម្តង ។

តាមមន្ត្រីរដ្ឋបាលស្រុកស្ទឹងហាវឲ្យដឹងថា មានការបិទផ្លូវតវ៉ា កាលពីព្រឹកថ្ងៃ២៣ ធ្នូ២០២០ ។ បើតាមលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមានប្រសាសន៍ឲ្យដឹងថា ករណីនេះកើតឡើងក្រោយមានវិវាទដីធ្លីនៅចំណុចអូរតាសេកជិតទីតាំងដីសង្គមកិច្ចស្រុកស្ទឹងហាវ ។

តាមសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា បាតុភាពនេះបានផ្ទុះឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានក្រុមប្រជាពលរដ្ឋប្រមាណជា៤០នាក់ បានមកប្រមូលផ្តុំគ្នា ដោយបានយកដុំថ្មកំណាត់ឈើមកពង្រាយ ធ្វើជារបាំងបិទលើកំណាត់ផ្លូវសម្តេច ទេព វង្ស មិនឲ្យយានយន្តធ្វើចរាចរណ៍បាន នៅត្រង់ចំណុចអូរតាសេក ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ការបិទផ្លូវមិនឲ្យមានការធ្វើចរាចរណ៍នេះមានរយៈពេលប្រមាណជា២០នាទីប៉ុណ្ណោះ ក៏មានការបើកផ្លូវឱ្យដំណើរការវិញ ។ តាមមន្ត្រីរដ្ឋបាលស្រុកថា ការបិទផ្លូវនេះផ្តើមចេញពីករណីទំនាស់ដីធ្លីរវាងលោក លីវ សំបូរ ដែលអះអាងថា គាត់ជាម្ចាស់ដី មានទីតាំងនៅចំណុចខាងលើជាមួយប្រជាពលរដ្ឋប្រមាណជា២០គ្រួសារ ដែលតាំងទីលំនៅលើដីនោះហើយលោក លីវ សំបូរ ថាជាដីស្របច្បាប់របស់លោក និងមានឯកសារកាន់កាប់ប្រើប្រាស់ដីធ្លីដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច។ស្រាប់តែកន្លងមកនេះប្រជាពលរដ្ឋបាននាំគ្នាមកធ្វើរបង សាងសង់ជាផ្ទះតូចៗជាច្រើនខ្នង លើដីកម្មសិទ្ធិរបស់លោក ហើយលោកក៏យកកម្មករជាច្រើននាក់មករុះរើរបងចេញ ពីទីតាំងដីនោះ ។ ចំណែកភាគីប្រជាពលរដ្ឋក៏នាំគ្នាយកដុំថ្មនិងកំណាត់ឈើមកធ្វើការបិទផ្លូវតវ៉ា បង្កឲ្យកកស្ទះចរាចរណ៍ ។

ក្រោយមកគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវបានចេញមុខធ្វើការសម្របសម្រួលឲ្យភាគីទាំង២ចូលខ្លួនមកដោះស្រាយគ្នានៅសាលាស្រុក ចៀសវាងការប្រើអំពើហិង្សាជាយថាហេតុ ។

ប្រជាពលរដ្ឋអ្នកតវ៉ា ក៏បានឯកភាពយកដុំថ្ម និងរបាំងឈើដែលដាក់រាំងផ្លូវចេញ ដើម្បីសម្រួលឲ្យមានចរាចរណ៍ជាធម្មតាឡើងវិញ ដោយមិនមានការបង្កជាហិង្សាប្រឈមមុខគ្នាបង្កឲ្យរងគ្រោះថ្នាក់រវាងភាគីទាំង២នោះឡើយ។មន្ត្រីរដ្ឋបាលសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា រឿងវិវាទដីធ្លីចំណុចខាងលើបានកើតឡើងជាយូរឆ្នាំមកហើយ ។

កន្លងមលោក លីវ សំបូរ ដែលអះអាងថាជាម្ចាស់ដីបាននិយាយថា លោក បានសម្បទានដីជូនពលរដ្ឋដែលមានលំនៅឋាននៅលើទីតាំងដីរបស់លោក ចំនួន៥គ្រួសារម្តងរួចមកហើយ ។

ក្រោយមកប្រជាពលរដ្ឋទាំង៥គ្រួសាររស់នៅលើដីនោះក៏ចេះតែបែកកូនពូនជាចៅ ហើយក៏បន្តបំបែកគ្រួសារចូលធ្វើរបងសាងសង់ជាលំនៅឋានកាន់កាប់លើដីកម្មសិទ្ធិរបស់លោកបន្តទៀត ។

លោកក៏បានដាក់ពាក្យបណ្តឹងមកសាលាស្រុកដើម្បីជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាមួយពួកគាត់ គាត់ថាបើទោះជាអាជ្ញាធរបានកោះអញ្ជើញឲ្យចូលខ្លួនមកដោះស្រាយជាច្រើនលើក ច្រើនសា យ៉ាងណា ក៏ពួកគាត់មិនព្រមចូលខ្លួនមកដោះស្រាយដែរ ទើបគាត់ជាម្ចាស់ដីប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនមករុះរើទើបបណ្តាលឲ្យកើតចលាចលបិទផ្លូវបែបនេះកើតឡើង ។

កោះសន្តិភាពមិនអាចស្វែងរកការបកស្រាយណាមួយពីតំណាងប្រជាពលរដ្ឋបានទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង ។ ឯសេចក្តីរាយការណ៍ខាងលើនេះ គឺបានទទួលតែពីក្រុមមន្ត្រីរដ្ឋបាលស្រុក និងអ្នកអះអាងថាជាម្ចាស់ដីបុ៉ណ្ណោះ ។

វាពិតជាគួរឱ្យសោកស្តាយដែលអ្នកមានដីធ្លីធំមិនព្រមធ្វើការអភិវឌ្ឍន៍ក្រៅពីទុកដីចោល ខណៈបាតុភាពពីបញ្ហាដីធ្លីកំពុងកើតឡើងកាន់តែស្មុគស្មាញ ពេលហាងឆេងដីកំពុងកើនឡើងកប់ពពកនោះ ។ បុគ្គលខ្លះក៏ខូចដែរ ទៅសង់ផ្ទះ សង់ខ្ទមលើដីគេមួយយប់បានរាប់រយខ្ទមក៏មានដែរ ដើម្បីប្រយោជន៍ដែលគេឱ្យឈ្មោះថា «ឈ្នះបានដី ចាញ់បានលុយ» មិនសូវខុសទេ ៕

ដកស្រង់ពី៖កោះសន្តិភាព