បណ្តាញសង្គម

មន្ត្រី​នគរបាល​ក្រុងភ្នំពេញ បំភ្លឺ​ថា យុវជន​ជិះ​ម៉ូតូ​គាប​សម្លុត​យក​លុយ​សិស្សសាលា​ស្រី​ៗ មាន​សតិ​មិន​ប្រក្រតី

រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ មានគណនីហ្វេសបុកជាច្រើន បានចែកចាយបន្តគ្នានូវដំណឹងអសន្តិសុខមួយថា «សូមបងប្អូនប្រុងប្រយ័ត្ន បុរសម្នាក់នេះ(ភ្ជាប់រូបភាព ០៣សន្លឹក) ដែលបានគាបសម្លុតយកលុយពីក្មេងស្រីៗសិស្សសាលា ដែលជិះម្នាក់ឯង ខ្ញុំក៏ត្រូវបានវាសម្លុតម្តងដែរ សូមបងប្អូនប្រុងប្រយ័ត្ន នៅម្តុំស្តុបកងរាជអាវុធហត្ថទួលគោក មានជនខិលខូចម្នាក់ ដើរតែគាបស៊ីលុយស្រីៗ ដែលជិះម៉ូតូតែម្នាក់ឯង ហើយវាចោទថា គេជិះម៉ូតូគៀរម៉ូតូរបស់វា ។

នេះជាលេសរបស់វា ដើម្បីទារលុយពីស្រីៗ ។ ដូច្នេះ បើឃើញមុខជនម្នាក់នេះ មេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់ ។ ចឹងហើយ បើបងប្អូនបានជួបករណីបែបនេះ សូមកុំឈប់ម៉ូតូក្បែរវាស្ងាត់ៗតែ២នាក់អី ។

ត្រូវរកកន្លែងដែលមានមនុស្សម្នា ហើយសឹមឈប់ម៉ូតូ» ។ក្រោយពីបានឃើញការផ្សាយដំណឹងអសន្តិសុខមួយនេះភ្លាមៗនាថ្ងៃទី២៤ ធ្នូនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះធ្វើការស្រាវជ្រាវជាបន្ទាន់ លើករណីនេះ ។

បន្ទាប់ពីស្រាវជ្រាវ សមត្ថកិច្ចជំនាញ បានធ្វើការកំណត់មុខសញ្ញា ដែលមានភិនភាគដូចនៅក្នុងរូបភាព ដែលបង្ហោះ រហូតដល់បានស្គាល់អត្តសញ្ញាណពិតប្រាកដ គឺឈ្មោះ ឡេង ប៉ោឆាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មិនទុកយូរនាំផ្អូម នៅវេលាម៉ោង១៦និង០៥នាទីថ្ងៃដដែលនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូ៣ បានធ្វើការអញ្ជើញយុវជនឈ្មោះ ឡេង ប៉ោឆាយ និងឪពុកឈ្មោះ ឡេង ចិន្តា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរ និងបំភ្លឺចំពោះមុខសមត្ថកិច្ច ទាក់ទងទៅនឹងការចុះផ្សាយតាមហ្វេសបុកដូចខាងលើនេះ ។

យោងតាមការបំភ្លឺអះអាងរបស់ឈ្មោះ ឡេង ចិន្តា ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ឡេង ប៉ោឆាយ បានបញ្ជាក់និងអះអាងថា កូនប្រុសរបស់គាត់មានជំងឺផ្លូវចិត្ត (សតិមិនប្រក្រតី) តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហើយរូបគាត់ បានយកកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយបានបើកថ្នាំ ពីមន្ទីរពេទ្យក្នុង១ខែម្ដងៗ យកមកលេបជាប្រចាំថ្ងៃ ហើយរូបគាត់ក៏បានបង្ហាញភស្តុតាង ជាប័ណ្ណសុខភាពរបស់កូនគាត់ឈ្មោះ ឡេង ប៉ោឆាយ និងមានអត្តលេខអ្នកជំងឺរបស់មន្ទីរពេទ្យព្រះកុសុមៈ ផ្នែកពិគ្រោះជំងឺផ្លូវចិត្ត ថែមទៀតផង ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចស្រាវជ្រាវឃើញមានលិខិតបញ្ចាក់របស់លោកចៅសង្កាត់ផ្សារដេប៉ូទី៣ ចុះថ្ងៃទី២៨ វិច្ឆិកា ២០១៩ (ជាង១ឆ្នាំមុន) បានធ្វើការបញ្ជាក់ថា ឈ្មោះ ឡេង ប៉ោឆាយ រូបនេះពិតជាជនដែលមានស្មារតីមិនប្រក្រតី ឆេវឆាវគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ឡេឡានៅមិនស្ងៀម និងឧស្សាហ៍វិលមុខ ៕

ដកស្រង់ពី៖កោះសន្តិភាព