បណ្តាញសង្គម

ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​ឡាន​​ខូច ស្រាប់តែជួបគ្រោះ​មើលមិនឃើញ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជាងជួសជុលរថយន្តម្នាក់បានបាត់បង់អាយុជីវិត កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខណៈជនរងគ្រោះបានយកអាំងវិចទ័រ(ប្រដាប់សាកអាគុយ)ចាប់បញ្ចូលភ្លើងអាគុយជាប់តួរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆក់បាត់បង់ជីវិតនៅពេលកំពុងជួសជុលខាងក្រោមរថយន្ត មុខផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ជាម្ចាស់រថយន្ត ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជាជាងជួសជុលរថយន្ត រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ។ សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ខៀវ គីណាល់ បានហៅជនរងគ្រោះឲ្យទៅជួលជុលរថយន្តប្រភេទដឹកទំនិញ១គ្រឿង ដែលខូចនៅមុខផ្ទះ ពេលនោះជនរងគ្រោះបានយកប្រដាប់បញ្ចូលអាគុយ អាំងវិចទ័រចាប់សាកអាគុយជាប់តួរថយន្ត ដើម្បីឲ្យមានភ្លើងសម្រាប់បញ្ឆេះរថយន្ត ។

ពេលកំពុងសាកអាគុយបណ្តើរជនរងគ្រោះបានលូនចូលក្រោមរថយន្តចាប់គ្រឿងបន្លាស់ចូលវិញ ដែលម្ចាស់រថយន្តក៏នៅក្បែរនោះដែរ ប៉ុន្តែគ្រោះថ្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ជាហេតុមើលមិនឃើញ បណ្ដាលឲ្យចរន្តអគ្គីសនីឆ្លងឆក់បាត់បង់ជីវិតនៅក្រោមរថយន្ត ។

ដោយមិនអស់ចិត្តភ្លាមនោះម្ចាស់រថយន្តឈ្មោះ ខៀវ គីណាល់ បានព្យាយាមដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់ និងបានធ្វើការពិនិត្យកន្លែងកើតហេតុ ដោយរកឃើញថា អាំងវ៉ិចទ័រ១គ្រឿង តភ្ជាប់ចរន្តអគ្គិសនី សាកជាមួយនឹងអាគុយ២គ្រឿង ជាប់ជាមួយតួរថយន្ត ជាឧបករណ៍បង្កហេតុបណ្តាលឲ្យឆក់ជនរងគ្រោះបាត់បង់ជីវិត ។ ពេលពិនិត្យរួចរាល់ហើយ សពជនរងគ្រោះ បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

ដកស្រង់ពី៖កោះសន្តិភាព