បណ្តាញសង្គម

ក្លែង​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត វី​ដេ​អូ​ខ​ល​ទៅ​ប្រុស​ៗ លួង​ឲ្យ​ដោះ​សម្លៀក​បំពាក់ ថត​ទុក​គំរាម​ទារប្រាក់

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអា.ក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈ ប្រសិនបើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះទេ ។

ប្រភពពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ក្រសួងមហាផ្ទៃ បានអោយដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះ ម៉ាក់ ហាក់ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិផ្សារថ្មី ឃុំ១៣មករា ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ក្លែងគណនីហ្វេសប៊ុកដាក់រូបភាពមនុស្សស្រី និងដាក់ឈ្មោះ កញ្ញាតី) ។

មូលហេតុនៃការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយសារនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ យុវជនសង្ស័យ បានប្រើគណនីក្លែងក្លាយឈ្មោះ កញ្ញាតី ផ្ញើសារតាមឆាតទៅគណនីហ្វេសប៊ុករបស់បុរសម្នាក់ ជជែកគ្នាលេងធម្មតា (របៀបស្រីនិងប្រុស) ។

បន្ទាប់មកគណនី(កញ្ញាតី) ក៏បានខលជាវីដេអូមកគណនីជនរងគ្រោះ រួចហើយបបួលជនរងគ្រោះ ដោះសម្លៀកបំពាក់ ដោយប្រាប់ថាខ្លួនមានចំណង់ហើយ ចង់មើលពីចំងាយ ។

ដោយសារ បុរសជនរងគ្រោះមានអាការស្រវឹង ក៏យល់ព្រមដោះខោអាវ តាមការស្នើសុំរបស់យុវជនសង្ស័យ ព្រោះជនរងគ្រោះមិនបានឃើញមុខម្ចាស់គណនី កញ្ញាតី ឡើយ ដោយឃើញត្រឹមតែមួយកំណាត់ខ្លួនចុះក្រោមតែប៉ុណ្ណោះ (វីដេអូខលនោះ មានរយៈពេល៣នាទី) ។

ក្រោយពីខលវីដេអូចប់ យុវជនសង្ស័យជាម្ចាស់គណនី កញ្ញាតី ក៏ចាប់ផ្តើមផ្ញើសារ ទៅគំរាមទារប្រាក់ពីជនរងគ្រោះ បើមិនព្រមផ្ញើឲ្យទេ យុវជនសង្ស័យនឹងផ្ញើវីដេអូអា.ក្រាតកាយរបស់ជនរងគ្រោះ ទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ ។

ការចាប់ខ្លួននេះ នៅពេលដែលជនសង្ស័យកំពុងធ្វើដំណើរទៅដកប្រាក់ ក្រោយគំរាមទារបានសម្រេចពីបុរសជនរងគ្រោះម្នាក់ ដែលមានទីលំនៅក្នុងខណ្ឌទួលគោក ។ ក្រោយចាប់ខ្លួនកម្លាំងជំនាញបានរកឃើញថា ក្នុងទូរស័ព្ទរបស់ជនសង្ស័យ មានសុទ្ធតែរូបភាព និងវីដេអូអា.ក្រាតរបស់បុរសៗជាច្រើន ដែលសុទ្ធតែអ្នកចាញ់បោកជនដៃ តាមរយៈការលួងលោម និងផ្ញើរូបភាព ក៏ដូចជាវីដេអូរបស់នារីស្អាត ដើម្បីឲ្យជនរងគ្រោះទន់ចិត្ត ហើយធ្វើអ្វីតាមការប្រាប់របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព