បណ្តាញសង្គម

ស្រវឹង បើកឡានកៀរហើយ ព្យាយាមមិនទទួលកំហុស!

រាជធានីភ្នំពេញ៖ បុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅកៀរពីក្រោយរថយន្តមួយគ្រឿងទៀត ពេលដែលកំពុងតែស្ទុះចរាចរណ៍ រងការខូចខាតបន្តិចបន្តួច បែរជាព្យាយាមគេចវេសមិនទទួលសុខត្រូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ត្រង់ខាងមុខហាងបោកគក់សម្លៀកបំពាក់យីហោ យក្សា បោកអ៊ុត ក្បែរច្រកចូលផ្សារប៉េសេ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4511 បើកតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត។

លុះដល់ចំណុចកើតហេតុ ដោយសារផ្លូវមានសភាពស្ទុះចរាចរណ៍ ហើយរថយន្តនោះ ក៏បានបើកអែបទៅខាងស្តាំ ស្របពេលនោះ ដែលក៏មានរថយន្តសាំងយ៉ុងមួយគ្រឿងទៀត ប្រភេទ១២ កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9607 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ទិសដៅស្របទិសគ្នា មកពីក្រោយរថយន្តកាមរី និងព្យាយាមបើកវ៉ាជែងខាងឆ្វេង ដោយមិនបានប្រុងប្រយ័ត្ន រថយន្តសាំងយ៉ុង ក៏បានរេចង្កូតជ្រុលទៅកៀរចំផ្នែកខាងក្រោយចំហៀងខាងឆ្វេងរថយន្តកាមរី បណ្តាលឲ្យខូចខាតបន្តិចបន្តួច។

ភ្លាមៗនោះ រថយន្តសាំងយ៉ុង ក៏នៅតែបន្តបើកទៅមុខជាបន្តទៀត រួចស្ត្រីជាអ្នកបើកបររថយន្តកាមរី ក៏បានចុះរត់ស្ទាក់រថយន្តសាំងយ៉ុង និងបានសួរនាំ តែបែរជាបុរសជាអ្នកបើកបររថយន្តបង្ក ឆ្លើយប្រកែកយករួចខ្លួនថា មិនបានបើកទៅកៀរនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចជួយសម្របសម្រួល ភាគីខាងរថយន្តកាមរី ក៏មិនចង់បានសំណងអ្វីពីបុរសជាអ្នកបើកបររថយន្តបង្កនោះទេ គឺគាត់សូមឲ្យសមត្ថកិច្ច វាស់ជាតិអាល់កុល លើអ្នកបើកបររថយន្ត បង្ក និងអប់រំតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានយកម៉ាស៊ីនវាស់ជាតិអាល់កុល មកវាស់ទៅលើអ្នកបើកបររថយន្តបង្ក ប៉ុន្តែដោយបុរសនោះ មិនព្រមសហការជាមួយសមត្ថកិច្ចជំនាញក្នុងការវាស់ជាតិ អាល់កុល ទើបសមត្ថកិច្ច សម្រេចឃាត់ខ្លួនបុរសនោះ រួមទាំងយករថយន្តទាំងពីរគ្រឿង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំចាត់ការទៅតាម នីតិវិធីជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព