បណ្តាញសង្គម

បញ្ជូន​ស្រី​ស្អា​តទៅ​តុលាការ ប្រើ​ឈ្មោះ​ ទ្រី ដា​ណា បោកប្រាស់​តំណាង​បាន​ជិត​៨០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនស្រីម្នាក់ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់ ។

ស្ដ្រីសង្ស័យមានឈ្មោះ ណើ ចាន់ត្រា អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ ធ្នូ ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះទាំង១២នាក់ ដែលមានទឹកប្រាក់សរុបក្នុងអំពើឆបោកនេះ ត្រូវបានក្រុមជនរងគ្រោះ អះអាងថា ចំនួន ៧៦១,៤៦៤ដុល្លារ ។

ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹង ដាក់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយដឹងថា អំឡុងឆ្នាំ២០២០ នៅចំណុចបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ស្រីស្អាត ណើ ចាន់ត្រា និងប្តីឈ្មោះ ម៉េត បាន ពួកគេបានទាក់ទងពួកខ្លួន ដោយប្រាប់ថា មានផលិតផលគ្រឿងសំអាងម៉ាក CTM ប្រេនរបស់អ្នកស្រី ទ្រី ដាណា សម្រាប់ចែកចាយមកឲ្យពួកខ្លួនលក់បន្ដ ដែលអាចរកផលចំណេញបានខ្ពស់ ។ក្រោយមកឈ្មោះ ណើ ចាន់ត្រា និងប្តី បានបញ្ជាក់ប្រាប់ជនរងគ្រោះទាំង១២នាក់ថា បើចង់ទទួលសិទ្ធិលក់បន្ដ ត្រូវទិញផលិផលនេះជាកញ្ចប់ ក្នុងតម្លៃផ្សេងៗគ្នា ។

ដោយការជឿជាក់ ជនរងគ្រោះទាំង១២នាក់ បានប្រគល់ប្រាក់ចំនួនផ្សេងៗគ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ត្រា និងប្តី សរុបជាប្រាក់ចំនួន ៧៦១,៤៦៤ដុល្លារ ។ ក្រោយទទួលប្រាក់ពីជនរងគ្រោះទាំង១២នាក់រួចហើយ ឈ្មោះ ណើ ចាន់ត្រា និងប្តី មិនមានផលិតផល ផ្គត់ផ្គង់គ្រឿងសំអាងម៉ាក CTM ឲ្យមកដើមបណ្ដឹងទាំង១២នាក់ គ្រប់គ្រាន់នោះទេ ។

បន្ទាប់មកឈ្មោះ ណើ ចាន់ត្រា និងប្តី បានគេចវេសមិនទទួលខុសត្រូវនូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់ ។ ក្រោយចាប់ខ្លួន និងសួរនាំ សមត្ថកិច្ចជំនាញរកឃើញថា ជនឈ្មោះ ម៉េត បាន ជាប្តីមិនពាក់ព័ន្ធក្នុងករណីនេះទេ ពោលគឺមានតែឈ្មោះ ណើ ចាន់ត្រា ជាប្រពន្ធ តែម្នាក់ឯងតែប៉ុណ្ណោះ ។

គួររម្លឹកថា «ឃាត់ខ្លួនស្រីស្អាតលក់អនឡាញម្នាក់ ពាក់ព័ន្ធទឹកប្រាក់ជិត១លានដុល្លារ» ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព