បណ្តាញសង្គម

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​៣​កញ្ចប់

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃវែង ធ្វើការស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវលំ ត្រង់ចំណុចខាងក្រោយផ្សារទួលសំបូរ ស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនេះឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខាងលើ ហើយនគរបាលដកហូតបានគ្រឿងញៀនចំនួន៣កញ្ចប់ ក្នុងនោះកញ្ចប់តូចចំនួន២កញ្ចប់ និងកញ្ចប់ធំល្មម១កញ្ចប់, ម៉ូតូ០១គ្រឿង ,ទូរស័ព្ទដៃ ០១គ្រឿង ,និងកាបូបលុយ០១។

នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រៃវែង ចុះធ្វើការស្រាវជ្រាវបង្រាបបទល្មើសផ្សងៗ ជាពិសេសមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ខណៈនោះបានទទួលព័ត៌មានពីមហាជនល្អលួចខ្សឹបប្រាប់ និងចង្អុលបង្ហាញទៅលើជនសង្ស័យម្នាក់នេះ ទើបកម្លាំងបានចុះទៅធ្វើការឃាត់ខ្លួន បានភ្លាមៗតែម្ដង។ ប្រភពដដែលបានបន្តថា បន្ទាប់មកកម្លាំងបានឆែកឆេររកឃើញវត្ថុតាងទាំងអស់ខាងលើ រួចបានដកហូតព្រមទាំងបាននាំយកជនសង្ស័យ និងវត្ថុតាងនោះទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព