បណ្តាញសង្គម

បុរស​ម្នាក់​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

រាជធានីភ្នំពេញ ៖ បុរសដែលជាជនអនាថា ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅលើចិញ្ចើមផ្លូវមួយកន្លែងដោយពុំដឹងថា ស្លាប់តាំងពីពេលណាមកទេ ហើយមូលហេតុនៃការស្លាប់ក៏ពុំត្រូវបានដឹងឡើយ ប៉ុន្តែតាមការសន្និដ្ឋានរបស់នគរបាលសង្ស័យថា បុរសនេះស្លាប់ដោយជម្ងឺគាំងបេះដូង ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលស្លាប់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ ស្លៀកខោជើងវែងណ៌ប្រផេះ សក់អាវយឺតដៃវែង ពណ៌ផ្ទៃមេឃ គឺជាជនអនាថា គ្មានគ្រួសារសាច់ញាតិនោះឡើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹង កន្លងមកតែងតែបានឃើញបុរសអនាថាខាងលើដើរតាមមហាវិថីឈ្នះឈ្នះនេះស្ទើររាល់ថ្ងៃ ដោយពុំដឹងថា គាត់ទៅណាមកណានោះទេ ហើយពេលយប់ឡើងគាត់ដេកនៅតាមចិញ្ចើមផ្លូវ ឬក្បែររបងដីឡូត៌ទំនេរគ្មានផ្ទះសម្បែងត្រឹមត្រូវឡើយ ។ ប៉ុន្តែពុំមាននរណាម្នាក់ចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ជាមួយគាត់ទេ លុះដល់វេលាព្រឹកថ្ងៃទី៣០ ខែធ្នូ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់នៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុនោះបាត់ទៅហើយ ។

ប្រភពខាងលើបានបន្តថា បន្ទាប់ពីប្រទះឃើញបែបនេះ អ្នកភូមិបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅពិនិត្យមើល ហើយនគរបាលប៉ុស្តិ៍នេះបានរាយការណ៍បន្តទៅកាន់នគរបាលផ្នែកបច្ចេកទេសខណ្ឌពោធិ៍សែនជ័យចុះទៅពិត្យបន្តហើយសង្ស័យបុរសនេះស្លាប់ដោយជម្ងឺគាំងបេះដូង បន្ទាប់មកនគរបាលបាននាំយកសាកសពទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តជម្ពូវ័ន ដើម្បីស្រាវជ្រាវក្រែងមានសាច់ញាតិ តែបើគ្មានទេនិងបូជានៅទីនោះតែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព