បណ្តាញសង្គម

មន្ត្រី​យោធា​សារភាពមូល​ហេតុ​ជុំ​វិញ​ការ​វាយ​សន្តិសុខរហូត​សន្លប់

ខេត្តកណ្ដាល ៖ មន្ត្រីយោធាហើយតាមព័ត៌មានបឋមថា ជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង ដែលបានយកកាំភ្លើងខ្លីវាយក្បាលបុរសជាសន្តិសុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបែករយះហូរឈាមនៅស្រុកអង្គស្នួលនោះ ត្រូវបានស្គាល់អត្តសញ្ញាណ និងតួនាទីព្រមទាំងអង្គភាពហើយ ចំណែកឯអត្តសញ្ញាណបុរសរងគ្រោះក៏ត្រូវបានស្គាល់ហើយដែរ។

មិនតែប៉ុណ្ណោះមន្ត្រីយោធារូបនោះបានសារភាពប្រាប់នគរបាលថា«គាត់ពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ»។

បើតាមនគរបាលមួយរូបបានប្រាប់ថា ជនដៃដល់ខាងលើឈ្មោះ ហេង គាហុង អាយុ៤១ឆ្នាំ ជាមន្ត្រីយោធានៅអយ្យការអមតុលាការយោធាចំណុះក្រសួងការពារជាតិ មានឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ត្រី(ផ្កាយ១)មានទីលំនៅនៅម្ដុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រើប្រាស់អាវុធខ្លី១ដើមម៉ាកCF98 លេខ006009 ហើយពុំមែនជាម្ចាស់មន្ទីរសម្រាក និងសម្ភពខាងលើនោះទេ គឺគ្រាន់តែបុគ្គលិកប៉ុណ្ណោះ ចំណែកឯម្ចាស់មន្ទីរសម្រាក និងសម្ភពនេះគឺជាស្ត្រីម្នាក់ដែលត្រូវជាបងប្អូនបង្កើតរបស់មន្ត្រីយោធារូបនោះទេ ហើយរឿងនោះផ្ដើមចេញពីការបាត់ស្បែកជើងនោះឯង។ ចំណែកឯជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រីយ៍ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល របួសបែកក្បាលផ្នែកខាងឆ្វេងលើត្រចៀក។

ប្រភពដដែលបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ខែមករា ឆ្នាំ២០២១ នៅក្នុងមន្ទីរសម្រាកនិងសម្ភព«សុខ ម៉េង» ដែលមានទីតាំងស្ថិតនៅទល់មុខផ្សារអង្គស្នួល តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំពោះដំណើររឿងគឺកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច បុរសរងគ្រោះបានទៅយាមជំនួសមិត្តភក្ដិមួយយប់នៅមន្ទីរសម្រាក និងសម្ភព សុខ ម៉េង នេះលុះដល់វេលាម៉ោងប្រហែល៥ព្រឹកថ្ងៃទី៣ ខែមករា ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា «ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ?» ខណៈនោះខ្លួនបានឆ្លើយថា«គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ »បន្ទាប់មកមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន៣,០០០រៀល (បីពាន់រៀល) ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ លុះដល់វេលាម៉ោង០៦ព្រឹកថ្ងៃដដែលទើបជនរងគ្រោះសម្រាក និងចេញទៅផ្ទះវិញ។

ប្រភពខាងលើបានបន្ថែមឲ្យដឹងបន្តទៀតថា រហូតដល់វេលាម៉ោង០៨ព្រឹកថ្ងៃដដែលមន្ត្រីយោធានោះបានបាត់ស្បែកជើងស៊កស្បែក១គូ ដែលដោះទុកនៅមាត់ទ្វារចូលមន្ទីរសម្រាក និងសម្ភពដែលខ្លួនធ្វើការ ហើយបានគិតថាបងប្អូនអ្នកជំងឺយកពាក់សិនទើបមិនរក។

រហូតដល់ម៉ោង៨យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ដដែល នៅតែមិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅបាត់។ ប្រភពមួយនេះបានប្រាប់បន្តទៀតថា បន្ទាប់ពីឆែកកាមេរ៉ា សុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិកតែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះរថយន្តទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញវិញទៅ។

រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិចមិនឃើញជនសង្ស័យ ក៏ទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានទៅដល់គ្លីនិក ឃើញជនរងគ្រោះកំពុងឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិកបាត់ទៅ។

ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួស និងដេរចំនួនបីថ្នេរ។ ក្រោយពេលកើតហេតុកម្លាំងនគរបាកប៉ុស្តិ៍ពើកបានចុះទៅធ្វើការឃាត់ខ្លួនជននេះរួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការសួរនាំ និងកសាងសំណុំរឿងហើយយោធារូបនេះបានសារភាពថា គាត់ពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ៕

ដកស្រង់ពី៖កោះសន្តិភាព