បណ្តាញសង្គម

​គ្រោះថ្នាក់​ចរាចរណ៍ឆក់យកជីវិត​៤​នាក់ ​របួសធ្ងន់​២នាក់

ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ។ តាមប្រភពព័ត៌មានអោយដឹងថា កាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០ ២១ នៅចំណុចអូរកណ្តុរ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពុងសាម៉ី ឃុំស្រឡាពីរ ស្រុកឆែប ខេត្ត ព្រះវិហារ ចំងាយប្រមាណ៣៥០ម៉ែត្រពីព្រំប្រទល់ស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលអោយយុវជនចំនួន២នាក់បាត់បងជីវិតលើដងផ្លូវជាតិលេខ៩។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ វណ្ណថែ រ៉ាត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រោម ឃុំព្រះរំកិល និងម្នាក់ទៀតឈ្មោះ រឿន វិន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំព្រះរំកិល ។

រថយន្តមួយគ្រឿងខាងលើម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ ២AM-៧៥៨៦ បើកបរដោយឈ្មោះហើយ លាងហ៊ួ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅឃុំរកោរខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីជិះម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោងខាងលើ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ដែលបើកបរពីជើងទៅត្បូង ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍កំពង់ស្រឡៅពីរដើម្បីដោះស្រាយតាមនិតិវិធីតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ ដោយឡែកនៅវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតរវាងម៉ូតូបុកជាមួយរថយន្តនៅផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិស្ពានថ្មសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បណ្តាលអោយស្ត្រីម្នាក់និងក្មេងស្រីម្នាក់ទៀតបាត់បង់ជីវិត រីឯស្ត្រី២នាក់ទៀតរងរបួសធ្ងន់។

តាមរបាយការណ៍នគរបានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះស្រី ឡៃ អាយុ៣១ឆ្នាំ ជាអ្នកបើកបរម៉ូតូ មានទីលំនៅភូមិជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបាត់បង់ជីវិត ២-ឈ្មោះចិត្ត កុចនីម អាយុ៦ឆ្នាំ ជាអ្នករួមដំណើរ បានបាត់បង់ជីវិត ៣-ឈ្មោះសួន សុខុម អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅបច្ចុប្បន្នភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរងរបួសធ្ងន់ និង៤-ឈ្មោះរី ដាណេង អាយុ១៧ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅបច្ចុប្បន្នភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរងរបួសធ្ងន់។

ជនរងគ្រោះទាំង៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង ១C-៩២០៨ រីឯភាគីខាងរថយន្តមួយគ្រឿង ពណ៍ខៀវ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

តាមរបាយការណ៍នគរបានបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូម៉ាកហុងដាមួយគ្រឿងខាងលើជិះគ្នា៤នាក់ បានធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកបរឆ្លងផ្លូវ ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងដែលមានទិសដៅពីកើតទៅខាងលិច បណ្ដាលឲ្យអ្នកជិះម៉ូតូបាត់បង់ជីវិត២នាក់ និងរបួសធ្ងន់២នាក់ ។

តាមការពិនិត្យសន្និដ្ឋាននៅកន្លែងកើតហេតុឃើញថា អ្នកបើកបរម៉ូតូបានល្មើសច្បាប់ចរាចរណ៍ ដោយបើកបរមិនគោរពសិទ្ធិអាទិភាពនៅផ្លូវធំ និងផ្ទុកមនុស្សលើសចំនួនកំណត់(ម៉ូតូមួយគ្រឿងជិះគ្នា៤នាក់) ។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានល្មើសច្បាប់ចរាចរណ៍ក្រោយគ្រោះថ្នាក់បានរត់គេចខ្លួន។ ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅក្នុងស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព