បណ្តាញសង្គម

បាញ់​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បញ្ជូន​អ្នកបើកបរ​ទៅ​តុលាការ ខ្មាន់កាំភ្លើង​បន្ត​គេចខ្លួន​ពី​ខេត្ត​១​ទៅ​ខេត្ត​១

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ជនសង្ស័យម្នាក់ ជាអ្នកបើកបររថយន្ត ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យ ជាអ្នកបើកបររថយន្តមានឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រត់គេចខ្លួនទៅដល់ខេត្តបាត់ដំបង ហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯក ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅវេលាម៉ោង១២និង៥នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានករណីឃាតកម្ម ផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩គ្រាប់ ក្បាលគ្រាប់ចំនួន០១គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស ០១គ្រឿង នៅកន្លែងកើតហេតុ ។

ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និងថ្ងាស់០១ គ្រាប់ធ្លាយមកក្រោយ ។

បន្ទាប់ពីបង្កហេតុ ក្រុមជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ ។ សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែល សកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញ យកទៅប្លុងចោល នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ ជាបក្ខពួកជនដៃដល់ ដែលបានរត់គេចដល់ខេត្តបាត់ដំបង ហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបាញ់សម្លាប់ជនរងគ្រោះ ។ ចំណែករូបគេ ជាអ្នកបើករថយន្តរត់គេចទៅលាក់ទុក នៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត ។

ហើយឈ្មោះ រ៉េន ក៏បានទូរស័ព្ទបក្ខពួកម្នាក់ទៀត យកម៉ូតូមកឌុបពួកខ្លួន ឆ្លងស្ពានព្រែក្តាម ទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន ០២យប់ ។ បន្ទាប់មកពួកគេ ក៏បែកគ្នារៀងៗខ្លួន ហើយរូបគេ (កែ ចាន់មាន ) រត់មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ ០១យប់ ។

លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួល ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ។ក្រោយមក យប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានជិះរថយន្ដមួយគ្រឿង រត់គេចខ្លួនដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាមួយភរិយា ប្អួនថ្លៃ និងកូនម្នាក់ ។

ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំង ហាមឃាត់របស់សមត្ថកិច្ច នៅក្នុងស្រុកកោះញ៉ែក ដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ ។

ក្រោយបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ច ខ្មាន់កាំភ្លើងបានបន្ដបើករថយន្ដគេចខ្លួន លុះបើកបានប្រមាណ១គីឡូម៉ែត្រ ខ្មាន់កាំភ្លើងបានចុះពីលើរថយន្ដ រត់គេចដោយថ្មើរជើងចូលក្នុងព្រៃជ្រៅ ដោយបន្សល់ទុកប្រពន្ធ និងកូន ។

ពេលនោះប្រពន្ធ និងកូនតូចរបស់ខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំ ។រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើងបានបន្ដរត់គេចខ្លួនពីខេត្តមណ្ឌលគិរី ដល់ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានព័ត៌មានថា ខ្មាន់កាំភ្លើងបន្លំខ្លួនជិះតាមរថយន្តដឹកផ្លែដូង ក្រោមការព័ទ្ធនិងតាមប្រមាញ់របស់កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន រួមនិងសមត្ថកិច្ចខេត្តរតនគិរី ។

នៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ឮដំណឹងមកថា ឃាតករបានរត់គេចខ្លួនពីខេត្តរតនគិរី ដល់ខេត្តស្ទឹងត្រែង មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចថា ជនសង្ស័យជាឃាតករ បានប្រើប្រាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរី ឆ្នាំ២០២០ ជិះចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និងបានទុកម៉ូតូនោះចោល និងគេចខ្លួនបាត់ថែមទៀតនៅពេលព្រឹកព្រលឹម ចំណែកម៉ូតូរបស់ជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង ។

ខ្មាន់កាំភ្លើងឈ្មោះ រ៉េន ត្រូវគេបញ្ជាក់ថា អតីតជាមន្ត្រីយោធា ដែលមានអាវុធជាប់ខ្លួន ប្រកបដោយគ្រោះថ្នាក់ថែមទៀត និងជាមនុស្សធ្លាប់ធ្វើសកម្មភាព អំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់ នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំមុន ថែមទៀត ។

គិតមកល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ មិនមានសេចក្តីរាយការណ៍ថា តើឃាតករមានល្បិចខ្ពស់នេះ កំពុងស្ថិតនៅទីណាមួយនោះទេ និងនៅមិនទាន់ចាប់ខ្លួនបាននៅឡើយដែរ គ្រាដែលកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន កំពុងតាមតាមប្រមាញ់ស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតករ នៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា គឺខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តក្រចេះ ៕

ដកស្រង់ពី៖កោះសន្តិភាព