បណ្តាញសង្គម

ដូចក្នុងរឿងកុន កា.ប់​ប្លន់យកស្រី​ម្នាក់​​​ទៅ​បាត់​ស្រមោល

រាជធានីភ្នំពេញ ៖ យុវសិស្សម្នាក់បានត្រូវក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃជិះម៉ូតូ២គ្រឿង ដេញកាប់បណ្តាលឲ្យរងរបួសធ្ងន់និងរត់ទៅដួលនៅក្នុងហាងលក់គ្រឿងអគ្គិសនីមួយ ហើយក្រុមជនដៃដល់ក៏នាំនារីវ័យក្មេងម្នាក់ទៅបាត់ ។

ហេតុការណ៍ហិង្សាដេញកាប់ដូចរឿងចិនហុងកុងនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ៣និង១៥នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ នៅមុខហាងPRIME ចំណុចស្តុបផ្លូវភ្នំពេញ-ហាណូយកែងនឹងផ្លូវលេខ៩២ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលជនរងគ្រោះដឹកនារីវ័យក្មេងម្នាក់ទៅលេងនៅផ្សារអុីអន ២។

បន្ទាប់ពីបង្កហិង្សារួចហើយ ក្រុមជនដៃដល់បានជិះម៉ូតូគេចខ្លួនទៅបាត់ ដោយនាំទាំងនារីម្នាក់នោះទៅជាមួយផងដែរ ។យុវជនដែលរងរបួសឈ្មោះ ហុក គឹមម៉េង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២សាលាសុវណ្ណភូមិបឹងត្របែក ស្នាក់នៅជាមួយឪពុកមានៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរងរបួស២ដាវចំស្មានិងចង្កេះ និងត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។តាមអ្នកឃើញហេតុការណ៍និយាយថា ក្មេងប្រុសដែលរងគ្រោះជិះម៉ូតូម៉ាកហុងដាឌុប នារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមផ្លូវភ្នំពេញ-ហាណូយ ពីខាងត្បូងទៅខាងជើង ។

នៅពេលទៅដល់ចំណុចខាងលើ កំពុងឈប់នៅភ្លើងស្តុប ស្រាប់តែមានជនមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ ដែលក្នុងនោះមានម្នាក់ប្រដាប់ដោយដាវសាមូរ៉ៃ បានមកកាប់បណ្តាលឲ្យរងរបួស ។ភ្លាមៗនោះ ជនរងគ្រោះបានរត់គេចខ្លួន តែត្រូវក្រុមជនខាងលើព្យាយាមដេញតាមទៀត ។ តាមព័ត៌មានឲ្យដឹងទៀតថា ពេលនោះជនរងគ្រោះបានរត់ទាំងរងរបួសឈាមហូរជោកខោអាវបានប្រមាណ៥០ម៉ែត្រ ក៏ចូលទៅក្នុងហាងលក់គ្រឿងអគ្គិសនីមួយដើម្បីឲ្យគេជួយ ហើយក៏ដួលនៅក្នុងហាងនោះតែម្តង ។

លុះក្រោយមក ត្រូវបានបុគ្គលិកហាងសែងចេញមកខាងក្រៅ ដាក់នៅមុខច្រកចូលហើយចាក់សោពីក្នុង ។ចំណែកក្រុមជនដៃដល់ ក៏នាំគ្នាជិះម៉ូតូគេចខ្លួន ដោយនាំនារីវ័យក្មេងរូបនោះទៅជាមួយដែរ ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង នគរបាលខណ្ឌសែនសុខក៏បានទៅដល់ និងទាក់ទងហៅរថយន្តមកដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះតែដោយចាំរថយន្តសាមុយយូរពេក ក៏បានយករថយន្តអង្គភាពដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីដេររបួស ។

បើតាមយុវជនរងគ្រោះនិយាយថា មុនពេលកើតហេតុ ខ្លួនបានឌុបនារីម្នាក់ឈ្មោះ លីឡា ដែលខ្លួនបានស្គាល់ប្រមាណ២ខែមកហើយ គោលបំណងទៅលេងនៅផ្សារអីុអន២ ហើយក៏ត្រូវក្រុមជននោះដេញកាប់បណ្តាលឲ្យរងរបួស២ដាវ ។

ចំណកម៉ូតូ គឺជារបស់នារីរូបនោះ ។ ទាក់ទិននឹងការប្រើហិង្សានេះ សមត្ថកិច្ចមានការសង្ស័យថាជារឿងស្នេហាត្រីកោណ ដែលយុវជនរូបនេះស្រឡាញ់នារីខាងលើប៉ះចំសង្សាររបស់ជនដៃដល់ ៕

ដកស្រង់ពី៖កោះសន្តិភាព