បណ្តាញសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​មនុស្សឃាត នៅស្រុក​កៀនស្វាយ

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកកៀនស្វាយ និងមន្ត្រីពាក់ព័ន្ធ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងឃាតកម្ម នាថ្ងៃទី០៧ មករា ២០២១នេះ ។

ករណីប៉ុនប៉ងឃាតកម្ម កើតឡើងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់) ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ចំណែកឯ ជនរងគ្រោះមានចំនួន ០៣នាក់ រួមមាន ៖ ទី១. ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី) ។ មានប្តីឈ្មោះ ផាន ភក្តី អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ទី២. ក្មេងស្រីឈ្មោះ រស្មី ស្រីយ៉ា អាយុ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។ និងទី៣. ក្មេងស្រីឈ្មោះ រស្មី សូជីញ អាយុ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។

បើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ចន សុវណ្ណចាន់តុកុល បានផឹកស៊ីជាមួយប្ដី ស្ត្រីរងគ្រោះឈ្មោះ ផាន ភក្តី លុះពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រា និងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួន មានរងរបួសស្នាមពេញខ្លួន ។

ប្រភពដដែល បានបញ្ជាក់ថា ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដី ស្ត្រីរងគ្រោះ នៅក្រោមផ្ទះបានរអ៊ូរទាំ ជេរប្ដីមិនឱ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ នៅពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមបាត់ ទើបជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាពកាប់ចិញ្ច្រាំស្ត្រីម្នាក់ និងកូនពីរនាក់បណ្តាលឱ្យរងរបួសធ្ងន់តែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួនរួមទាំងវត្ថុតាង ទើបនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព