បណ្តាញសង្គម

មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

បន្ទាយមានជ័យ៖ រថយន្តហ្វត ស៊េរីទំនើប បានបុករថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលឲ្យរបួស ៣នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។

មន្ត្រីចរាចរណ៍នៃអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ បានប្រាប់ថា រថយន្តហ្វត ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-9556 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅ ពីកើត ទៅលិច ក្នុងល្បឿនលឿន បានបុករថយន្តកាំម៉ារី ចង្កូតស្តាំ ពីក្រោយ ហើយរុលទៅបុកម៉ូតូពីក្រោយម៉ាក់ហុងដា MSX ពាក់ផ្លាកលេខ បាត់ដំបង1AA-3527 បណ្តាលឲ្យរថយន្តហ្វត ក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ពីផ្លូវ បណ្តាលឲ្យរបួស ៣នាក់។

មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មន្ត្រីជំនាញ បានចុះទៅពិនិត្យ និងវាស់វែង។ មូលហេតុគ្រោះចរាចរណ៍នេះ បណ្តាលមកពីរថយន្ត ហ្វត ស៊េរីទំនើប បើកបរលឿន បានបុកពីក្រោយរថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលខូចខាតធ្ងន់ធ្ងរ និងរបួសស្រាល ៣នាក់។ក្រោយពេលមន្ត្រីជំនាញវាស់វែងហើយ រថយន្តទាំង ២គ្រឿង និងម៉ូតូ ១គ្រឿង ត្រូវបានប៉ូលិសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ជើងគោក៕

ដកស្រង់ពី៖កោះសន្តិភាព