បណ្តាញសង្គម

ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

រាជធានីភ្នំពេញ ៖ លោក កើត សាំង ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក។

ជនត្រូវចោទឈ្មោះ okeke ikchukwu ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅស្ថានផ្ទះលេខ ២១B សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « ឆបោក » ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងថ្ងៃ២១មករា ឆ្នាំ២០២១ តាមបញ្ញតមាត្រា ២៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោយពីជននេះបានប្រព្រឹត្តអំពើឆបោកមួយករណីតាមរយៈកន្លែងផ្ញើប្រាក់វីង ហើយកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ ក្នុងនោះលោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការបានបើកការស៊ើបសួរ និងបានសម្រេចចោទប្រកាន់លោក okeke ikchukwu ពីបទឆបោក ជាផ្លូវការហើយបញ្ជូនសំណុំរឿងទៅចៅក្រមសើបសួរសម្រេចឃុំខ្លួនតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព