បណ្តាញសង្គម

បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី នៅគល់ស្ពានអាកាសផ្សារដីហុយ ខាងកើត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា រថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-6312 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត មកដល់ចំនុចកើតហេតុ មិនប្រយ័ត្ន ក៏ជ្រុលបុកផ្ទប់បង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់ទាំងស្រុង។

ចំណែកអ្នកបើកបររបួសស្រាល។ បន្ទាប់ពីបង្កហេតុ តៃកុងរថយន្ដ បានចេញពីរថយន្ត មកប្រាប់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះថា មូលហេតុដែលគាត់បុកបង្កាន់ដៃស្ពាននោះ គឺដោយសារគាត់មើលបង្កាន់ដៃស្ពាននោះ មិនច្បាស់ ព្រោះគ្មានចំណាំងផ្លាត។ និយាយចប់ ក៏ចេញពីកន្លែងកើតហេតុ បាត់ទៅ។

ក្រោយកើតហេតុ រថយន្ដបង្ក ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង យកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕

ដកស្រង់ពី៖កោះសន្តិភាព