បណ្តាញសង្គម

​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក្រុមអ្នកលេងជល់មាន់ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតស្រាលឃាត់ខ្លួន ខណ:អាគក០២ក្បាល រួមទាំងសម្ភារពាក់ព័ន្ធជាច្រើនទៀតត្រូវបានរឹបអូស នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏គគ្រឹកគគ្រេងមួយកន្លែង នៅក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ កាលពីរសៀលថ្ងៃទី២៧ មករា ខណ:ដែលសមត្ថកិច្ចស្រុកនេះ សំងំជួយបិទបាំងមិនបង្ក្រាប។

យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន០៨នាក់ ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះហ៊ូ ឆុន អាយុ៥៩ឆ្នាំ ២-ឈ្មោះគឹម ហ៊ាង អាយុ៥៨ឆ្នាំ ៣-ឈ្មោះ យឿប យុត អាយុ៥៧ឆ្នាំ ៤-ឈ្មោះ ហើស តឿ អាយុ៥០ឆ្នាំ ៥-ឈ្មោះ ឆាយ ឈៀង អាយុ៤៦ឆ្នាំ ៦-ឈ្មោះនាង ធី អាយុ៥៥ឆ្នាំ ៧-ឈ្មោះ ហាន លឿង អាយុ៥៧ឆ្នាំ និង៨-ឈ្មោះ ឈឺន រងទី អាយុ៥៨ឆ្នាំ។

សមត្ថកិច្ចបាននិយាយថា ក្រុមអ្នកញៀនល្បែងបញ្ជាក់ថា មាន់ដែលមានវ័យជាងពាក់កណ្ដាលជីវិតនឹងបានព្យាយាមរត់ប្រសាចពាសពេញវាលស្រែខាងក្រោយភូមិ ជាមួយនឹងអ្នកលេងរាប់សិបអ្នកទៀត តែរត់មិនរួចទើបត្រូវបានកម្លាំងសមត្ថកិច្ចក្របូចកជាប់។

ក្រៅពីឃាត់បានអ្នកលេង០៨នាក់ សមត្ថកិច្ចរឹបអូសបានមាន់ជល់ចំនួន០២ក្បាល សង្វៀនចំនួន០២ ជញ្ជីងសម្រាម់ថ្លឹងមាន់០១ ម៉ូតូចំនួន១១គ្រឿង និងសម្ភារសម្រាប់បំរើឲ្យមានការប្រព្រឹត្តល្បែងបញ្ជល់មាន់នេះជាច្រើនទៀត។ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បាននិយាយថា កិច្ចប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ដ៏គគ្រឹកគគ្រេងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។

លោកបានប្រាប់ថា សង្វៀនបញ្ជល់មាន់នេះ មានទីតាំងនៅលើទួលមួយកន្លែងកណ្ដាលវាលស្រែ ដែលកម្លាំងរបស់លោកត្រូវប្រឈមនឹងការលំបាកខ្លះៗ ក្នុងការចុះបង្ក្រាប។ ហេតុនេះហើយ ទើបយើងឃាត់បានមនុស្សត្រឹមតែ០៨នាក់ ខណ:អ្នកលេងរាប់សិបនាក់ទៀតរត់ប្រសាចពេញវាលស្រែ។មានការកត់សម្គាល់ផងដែរថា នេះជារដូវកាលដែលអ្មកចូលចិត្តល្បែងបញ្ជល់មាន់ប្រមូលផ្ដុំគ្នា បើកសង្សៀនជល់មាន់ ក្រោយរដូវច្រូតកាត់។

បើតាមប្រភពនានាថា បច្ចុប្បន្ននេះ សង្វៀនបញ្ជល់មាន់ត្រូវគេដឹងថា អ្នកលេងបានលួចបើកដំណើការស្ទើរគ្រប់តាមបណ្ដាស្រុកនានា តែមន្ត្រីមូលដ្ឋានហាក់មិនខ្វាយខ្វល់នឹងការប្រព្រឹត្តល្បែងស៊ីសងទាំងនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមូលដ្ឋានខ្លះបានឃុំឃិតជួយបិតបាំងបទល្មើសទាំងនេះថែមទៀតជាថ្នូរនឹងផលប្រយោជន៍។នៅក្នុងស្រុកសង្កែ ត្រូវគេដឹងថា កន្លងមកសំបូរសង្វៀនបញ្ជល់មាននេះច្រើនជាងគេ ដោយសារតែភូមិសាស្ត្រនៅក្នុងស្រុកនេះមានអំណោយផលខ្លាំងសម្រាប់ការលួចបើកល្បែងស៊ីសង។

រីឯសមត្ថកិច្ចមូលដ្ឋានវិញ ហាក់ធ្វើមិនដឹងមិនឮចំពោះបទល្មើសល្បែងទាំងនេះ។ជាក់ស្ដែងដូចករណីខាងលើនេះ ដោយសារតែកម្លាំងមូលដ្ឋានមិនអើពើនឹងល្បែងស៊ីសងនេះហើយ ទើបលោកស្នងការខេត្ត បញ្ជាឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះបង្ក្រាបជំនួសកម្លាំងអធិការស្រុកសង្កែ។ទោះយ៉ាងណា ជុំវិញការបង្ក្រាបអ្នកលេងល្បែងជល់មាន់ខាងលើនេះ បើតាមលោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ថា ពេលនេះលោកស្នងការ បានបញ្ជាឱ្យមន្ត្រីជំនាញការិយាល័យរបស់លោក សួរនាំក្រុមអ្នកជល់មាន់ទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាលាការចាត់ការតាមនីតិវិធីច្បាប់ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព